(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញ ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៣៣១លានដុល្លារ ខណៈក្នុងខែមេសា ទំហំនាំចេញមានទឹកប្រាក់១,៨៤២លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញ ខ្ញុំបានទទួលតួរលេខពីឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រយៈពេលនៃការនាំចេញ បើទោះបីជាមានថមថយបន្ដិច ប៉ុន្ដែរយៈពេល៤ខែ យើងបាននាំចេញទៅក្រៅប្រទេស ចំនួន៧,៣៣១លានដុល្លារ ប៉ុន្ដែសម្រាប់ខែមេសា កន្លងទៅនេះ យើងបាននាំចេញចំនួន១,៨៤២លានដុល្លារ»

បន្ថែមពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ទឹកប្រាក់នាំចេញ នៅក្នុងប្រទេសកម្ពុជា ទាំងវិស័យកាត់ដេរ ទាំងវិស័យកសិកម្ម និងវិស័យដទៃទៀត គឺមានចំនួនកើនឡើង ដែលចំនួននេះ យើងត្រូវតែពង្រីកទំហំវា ឲ្យកើនឡើងតាមរយៈនៃការខិតខំលើគ្រប់ផ្នែក។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា វិស័យកសិកម្ម ដែលយើងចង់បាន ឧស្សាហកម្មកែច្នៃ ទៅលើផលិតផលវត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងប្រទេស យើងនឹងទទួលផលកាន់តែច្រើន ទៅលើតម្លៃបន្ថែម នៃផលិតផលកសិកររបស់យើង។

ត្រង់ចំណុចទាំងអស់នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាមទារឲ្យយើងទាំងអស់គ្នារួមគ្នា ​មិនអាចគ្មានផ្នែកណាមួយ ហើយធ្វើតែម្នាក់ឯងទេ គឺត្រូវរួមគ្នាធ្វើ​។ ជាមួយគ្នានេះ សម្ដេចតេជោ រំពឹងថា គ្រប់រោងចក្រសហគ្រាស នឹងអ្នកវិនិយោគ ក៏ដូចជាកម្មករ-កម្មការិនី ធ្វើម្ដេចឲ្យរោងចក្រសហគ្រាស ក្លាយទៅជាតំបន់ដែលមានស្ថានភាពសុខសាន្ដ។

លើសពីនោះទៀត សម្ដេចតេជោ បានគូសបញ្ជាក់ថា នយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏ជាផ្នែកដែលត្រូវអនុវត្ដ ទៅតាមបណ្ដារោងចក្រសហគ្រាស ដែលនៅទីនោះ ជាទីកន្លែងមិនមែន ជាកន្លែងជក់គ្រឿងញៀន ហើយក៏មិនមែនជាកន្លែងកាប់ចាក់គ្នាផងដែរ គឺជាកន្លែងផលិតកម្មដ៏ល្អ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានការរីករាយ ដោយមើលឃើញថា អ្វីៗ ដែលបានកើតគ្រប់រោងចក្ររាប់ពាន់រោងចក្រ ហើយបើគិតទូទាំងប្រទេស សហគ្រាសទាំងអស់ មានជាង១៧,០០០សហគ្រាស ដែលមានកម្មករ សរុបជាង១លាន៥សែននាក់ គឺមិនមានទីកន្លែងសម្រាប់ ប្រណាំងម៉ូតូ, ជក់គ្រឿងញៀន ឬកាប់ចាក់គ្នានៅរោងចក្រនោះទេ។

សម្ដេចតេជោ ក៏សូមស្នើឲ្យបន្ដសាមគ្គីភាព នៅក្នុងរោងចក្រ ដែលជាសហគមន៍សុខសាន្ដមួយ ដែលយើងទទួលផលទាំងអស់គ្នា និងប្រាប់ឲ្យអ្នកគ្រប់គ្រងទាំងឡាយ ត្រូវមើលថែទាំកម្មករ-កម្មការិនី ហើយកម្មករ-កម្មការិនី ត្រូវធ្វើកិច្ចការឲ្យបានត្រឹមត្រូវ ទៅតាមក្របខណ្ឌច្បាប់ គឺប្រើច្បាប់ជាគោល ហើយខិតខំដោះស្រាយ នូវការមិនចុះសម្រុងណាមួយ ឲ្យបានឆាប់បំផុត៕