(មណ្ឌលគិរី)៖ លោក សាយ ម៉េងគីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងនោះមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ទាំង៤ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សក្រុង លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៤ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងសែនមនោរម្យ។

តាមរបាយការណ៍របស់លោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ បានឲ្យដឹងថា សមាជិកគណបក្សដែលបានសូមចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជារបស់អតីតសមាជិក គណបក្សភ្លើងទៀនចំនួន១៥នាក់ ស្រីចំនួន៥នាក់ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ចំនួន២នាក់ ស្រី១នាក់ គណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យកម្ពុជា ចំនួន២នាក់ ស្រី១នាក់។

លោក ខៀវ សារិទ្ធ អតីត អនុប្រធានបក្សភ្លើងទៀនខេត្ត ដែលទើបចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ តំណាងឲ្យសមាជិកទាំងអស់ បានឡើងមានមតិប្តេជ្ញាចិត្ត រួមមាន៖

*ទី១៖ ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកម្មវិធីនយោបាយរបស់គណបក្ស និងគោលការណ៍នានារបស់គណបក្សដែលបានដាក់ចេញ
*ទី២៖ ពង្រឹងឆន្ទៈយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើគណបក្សប្រជាជនកម្ពុជាដោយស្មោះត្រង់
*ទី៣៖ ចូលរួមនៅក្នុងសកម្មភាព ការងារសង្គម និងការងារមនុស្សធម៌ ដែលបម្រើផលប្រយោជន៍រួមនៅក្នុងមូលដ្ឋាន
*ទី៤៖ ចូលរួមការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
*ទី៥៖ ចូលរួមការពារមាតុមាតុប្រទេស និងថែរក្សាសមិទ្ធផលរបស់សង្គមជាតិ ដែលមានស្រាប់ឲ្យបានគង់វង្សស្ថិតស្ថេរតរៀងទៅ។

ថ្លែងក្នុងឱកាសនោះ លោក សាយ ម៉េងគីម បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី ជូនចំពោះសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលមករួមរស់ជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។

លោកបញ្ជាក់ថា គណបក្សប្រជាជនមិនមានការបែងចែកអ្នកថ្មី ឬអ្នកចាស់នោះទេ យើងទទួលយកបងប្អូនមកពីគ្រប់គណបក្សនយោបាយ ដែលចង់ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតីកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា៕