(ស្ទឹងត្រែង)៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំពិភាក្សាស្តីពី ការកៀរគររកមូលនិធិ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍនចន្ទក្រហម៨ ឧសភា ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញជាអធិបតីភាព លោកឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ស្វាយ សំអ៊ាង អភិបាលខេត្ត នឹងជាប្រធានសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នឹងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រមទាំងមានការចូលរួម ពី សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធាន អនុប្រធាន មន្ទីរ និង មន្ត្រីរាជការ ជំនាញជុំវិញខេត្តជាច្រើនរូប។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់ ដើម្បីសម្រេចបានជោគជ័យដូចការរំពឹងទុក។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកបានស្នើដល់មន្ទីរ អង្គភាព អនុសាខាក្រុង-ស្រុកទាំងអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

លោក ស្វាយ សំអ៊ាង បានជម្រាបជូនថាដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា៨ ឧសភា ២០២៣ ឱ្យទទួលបានជោគជ័យ សាខាខេត្តស្ទឹងត្រែង សង្ឃឹមជឿជាក់ថាសប្បុរសជននឹងចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ ដើម្បីសាខាសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងការកៀរគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមរយៈវិស័យស្នូលទាំង៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

អភិបាលខេត្តបានអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំ កៀរគររកមូលនិធិដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍនចន្ទក្រហម៨ ឧសភា ២០២៣ លោកឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានឧបត្ថម្ភ ចូលមូលនិធិកាកបាទ ចំនួន៥.១០០.០០០រៀល លោកស្វាយ សំអ៊ាង អភិបាលខេត្ត នឹងជាប្រធានសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចំនួន ១០០០០ ដុល្លារសហរដ្ឋអាមេរិក លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នឹងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ចំនួន ១.០០០.០០០ រៀល និងថវិកាមន្ទីរអង្គភាព សប្បុរសជន ច្រើនទៀត៕