(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងសហការី បានអញ្ជើញ ចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥០គ្រួសារ មកពីភូមិចំនួន១៧លើ ឃុំចំនួន៨ នៃស្រុកសង្កែ  ក្នុងនោះគ្រួសារ (រលំទាំង

ស្រុង៤ខ្នង និងរបើកដំបូល៤៦ខ្នង) ដែលរងគ្រោះកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅភូមិស្វាយជ្រុំ ឃុំអូដំបង២ ស្រុកសង្កែ។

លោក សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ ។

លោកអភិបាលខេត្ត បានសំដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

ក្នុងឱកាសនោះលោក សុខ លូ បានណែនាំដល់មន្រ្ដីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ត្រៀមក្រុមការងារដែលមានជំនាញផ្នែកសង្រ្គោះបឋម ចុះទៅតាមបណ្ដាក្រុងស្រុក និងនៅតាមភូមិសាស្រ្ដក្នុងខេត្ត ដើម្បីធ្វើការពន្យល់ ណែនាំ និងបង្រៀនដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការសង្រ្គោះខ្លួនឯង យល់ដឹងអំពីរបៀបគេចចេញពីគ្រោះរន្ទះបាញ់ ឬលង់ទឹកជាដើម ដើម្បីងាយស្រួលក្នុងការសង្រ្គោះបឋមដោយខ្លួនឯង បើសិនជាជួបប្រទះហេតុការណ៍ណាមួយជាយថាហេតុ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១ គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម   មី១កេស ទឹកត្រី១យួរ  ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុង បន្ថែម មុង១ និងសំពត់តង១ផងដែរ៕