(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាជិត១៧លាននាក់ទៀត បានផ្ញើការរំពឹងជឿជាក់លើការខំប្រឹងរបស់ក្រុមកីឡាករ/កីឡាការិនី ជម្រើសជាតិក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងមកដល់នាសប្ដាហ៍ក្រោយ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចតេជោ ក្នុងពិធីជួប​សំណេះ​សំណាលផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន មានក្តីរំពឹងថា កីឡាករ/កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជានឹងទទួលបានលទ្ធផលល្អ ទាំងការខិតខំ ស្មារតីប្រកួត ភាពជោគជ័យ និងកាយវិការលើកមុខមាត់ប្រទេសជាតិ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «អ្នកមានមេដាយមាសត្រូវរក្សាមេដាយមាសឱ្យបាន អ្នកដែលធ្លាប់ទទួលបានមេដាយប្រាក់ ឬសំរឹទ្ធ ត្រូវខិតខំឈានទៅរកមេដាយមាស ហើយអ្នកដែលមិនធ្លាប់មានមេដាយខិតខំធ្វើឱ្យបានមេដាយ ហើយប្រសិនបើមានមេដាយមាសក៏រឹតតែល្អ»

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមកីឡាករ/កីឡាការិនីជម្រើសជាតិប្រឹងប្រែងដើម្បីការប្រកួត ហើយការប្រកួតនេះគឺមិនមែនគ្រាន់តែដើម្បីឈ្នះនោះទេ អ្វីដែលដែលត្រូវក្ដាប់ឱ្យជាប់មុនគេ គឺក្រឹតក្រមនៃការប្រកួត វិធាននៃការប្រកួត មិនត្រូវប្រើវិធីណាដែលខុសលក្ខន្តិកៈប្រកួតនោះឡើយ។

សម្ដេចថ្លែងបន្តទៀតថា «មិនត្រូវភ្លេចខ្លួនថាជាម្ចាស់ផ្ទះឱ្យសោះ ទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវគិតថាការប្រកួតនេះគឺតំណាងឱ្យប្រជាជនជិត១៧លាននាក់។ ចាញ់ ឬឈ្នះត្រូវទទួលយកលទ្ធផល»

សម្ដេចតេជោបានបន្ថែមទៀតថា ក្នុងករណីដែលយើងឈ្នះ ត្រូវចេះលើកទឹកចិត្តដល់គូប្រកួតយើងឱ្យទៅជាមិត្តភក្តិជាមួយយើងនៅថ្ងៃក្រោយ ក្នុងករណីដែលចាញ់ កុំតវ៉ា ប្រសិនបើគណៈកម្មការដាក់ពិន្ទុ ឬកាត់សេចក្ដីហើយនោះ ទោះបីតវ៉ាក៏ត្រូវពិចារណាឱ្យបានច្បាស់លាស់។ ការតវ៉ាដោយមិនសមហេតុផល គឺនាំឱ្យអាប់ឱនកិត្តិយសខ្លួនឯង ឬខាតបង់វិញទេ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា គឺមានក្ដីសង្ឃឹមខ្ពស់ចំពោះកីឡាករ/កីឡាការិនីកម្ពុជាទាំងស្រុង៕