(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា មានតិរច្ឆានមួយទៅពីរក្បាលប៉ុណ្ណោះ ដែលមើលមិនឃើញពីសមិទ្ធផលជាតិ។

តិរច្ឆាននៅទីនេះ សម្តេចតេជោ ហ៊ុន សែន សម្តៅដល់មេដឹកនាំក្រុមប្រឆាំង ដែលមិនហ៊ានសាទរចំពោះអ្វីដែលជាតិធ្វើបាន មានទាំងការរៀបចំស៉ីហ្គេមដោយជោគជ័យ ការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូប និងអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូជាដើម។

ពេលជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ហៅតិរច្ឆាន វាមិនអាក្រក់ពេកទៅ សម្រាប់ពួកដែលមើលមិនឃើញនូវសមិទ្ធផលជាតិ។ ប៉ុន្តែសម្រាប់ប្រជាជន មានមនុស្សច្រើនណាស់ ដែលទទួលយកមោទនភាពជាតិនេះ។ ទោះបីក្រុមប្រឆាំងមួយចំនួន ដែលគាំទ្រក្រុមប្រឆាំងក៏នៅទទួលស្គាល់ថា នេះជាសមិទ្ធផលរបស់ជាតិសាសន៍របស់ខ្លួន ពិតមែនតែគេមិនហ៊ាននិយាយ ខ្លាចថានិយាយទៅ គេថាគាំទ្រគណបក្សប្រជាជនកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងល្ងង់ណាស់ មិនចេះសម្តែងការសាទរចំពោះជ័យ សូម្បីជម្នះរបស់កីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ជាពិសេសកីឡាការិនី ប៊ូ​ សំណាង។ កីឡាការិនី ប៊ូ សំណាង ទាញបានទឹកចិត្តពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋពិភពលោក។

កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំស៉ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយជោគជ័យ។ ព្រឹត្តិការណ៍កីឡានេះ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ១៩៩៩ ដែលពេលនោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរីកចម្រើនេះ គឺជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិ៕

<