(ព្រះសីហនុ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា ក្រសួងបានដាក់ចេញអាទិភាព ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្ត​ព្រះសីហនុ​ និងគម្រោងដំឡើង​ Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។

ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ សម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីវាគ្មិន និងសិក្ខាកាមជាមន្ត្រីរាជការ មកពីបណ្តាមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តទាំង២៤ ព្រមទាំងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ ២៥០នាក់។

លោក គួច ចំរើន បានបង្ហាញពីឆន្ទៈសហការចូលរួមគាំទ្ររបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលវិស័យនេះមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស​ ព្រមទាំងវាយតម្លៃខ្ពស់ថាសិក្ខាសាលានេះ ពិតជាធ្វើឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ ទទួលបានការអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំឭកឡើងវិញនូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាថា៖ គ្រប់ក្រសួងស្ថាប័ន​ ត្រូវខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។​ ហេតុដូច្នេះហើយ​ ចាប់ពី ឆ្នាំ២០២០ លោករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមទាំងការផ្តល់អាហារូបករណ៍សម្រាប់មន្ត្រី ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល​ ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងកម្មវិធីចែករំលែកបទពិសោធការអនុការងារជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជម្រាបជូនអង្គពិធីអំពី​ការដោះស្រាយបញ្ហាប្រឈម​ និងវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគន៍និងព័ត៌មាន​ ជាពិសេសផែនការសកម្មភាព ដើម្បីពង្រឹងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។

លោករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវាគ្មិនទាំងអស់ ដែលជាថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ក្រសួង ដែលបានអញ្ជើញមកចូលរួមធ្វើបទបង្ហាញតាមជំនាញរៀងៗខ្លួន ចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធន៍ថ្មីៗដល់សិក្ខាកាមក្នុងអង្គសិក្ខាសាលាទាំង៤តំបន់ ជូនមន្ត្រីរាជការនៅមន្ទីរ​ប្រៃសណីយ៍ និងទូរគមនាគមន៍ទូទាំងប្រទេស​ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕