(ឧត្តរមានជ័យ)៖ លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញបើកសន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈ ឱសថការីខេត្តឧត្តរមានជ័យ អាណត្តិទី២ និងលើកទិសដៅបន្ត ជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីខេត្តឧត្តរមានជ័យ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

អង្គសន្និបាតនេះ មានការចូលរួមពីឯកលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តឧត្តរមានជ័យ, លោកស្រីឱសថការី អ៊ុក ច័ន្ទដាឡែន ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្ត ឧត្តរមានជ័យ,លោក-លោកស្រី ជាប្រធានគណៈវិជ្ជាជីវៈទាំង០៤ និង សមាជិក ឱសថការីខេត្តឧត្តរមានជ័យសរុបទាំងអស់ ៣៥នាក់។

លោកស្រី ឱសថការី អ៊ុក ច័ន្ទដាឡែន បានថ្លែងលើកឡើងថា គណៈឱសថការី ខេត្តឧត្តរមានជ័យ មានសមាជិកចំនួនសរុប២៦នាក់(ស្រី២០នាក់) ក្នុងនោះ សុទ្ធសឹងតែជាឱសថការីឧត្តមទាំងអស់។

ថ្លែងទៅកាន់សមាជិក សមាជិកាអង្គសន្និបាតក្នុងឱកាសនោះ លោក បាន បុត្តា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានកោតសរសើរ ចំពោះគណៈឱសថការីខេត្តឧត្ដរមានជ័យ អាណត្តិទី២ ដែលបានខិតខំអភិវឌ្ឍន៍ វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាព។

លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងបន្តថា ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ចិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត ក្នុង គោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងផ្ទៃក្លឹប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាលនិងកំណត់នីយ៉ាមីអប្បបរមា ដើម្បីស្នើសុំនឹងបន្ត អាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព នឹងតម្លាភាព។

លោក បាន បុត្តា បានថ្លែងសង្កត់ធ្ងន់ថា អង្គសន្និបាតពេលនេះពិតជាមានសារសំខាន់ណាស់ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីធម៍ បទដ្ឋានច្បាប់ផងដែរ។

សូមបញ្ជាក់ថា អង្គសន្និបាតនេះមានបេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាគណៈឱសថខេត្តឧត្ដរមានជ័យ អាណត្តិទី៣ ចំនួន០៤រូប ដែលសមាជិក សរុប២៦នាក់ ហើយបេក្ខជន អ៊ុក ចំនួដាឡែន ទទួលបានគាំទ្រចំនួន ១៩សំលេង ជាប់ជាប្រធានប្រឹក្សាគណៈឱសថការីខេត្តឧត្តរមានជ័យអាណត្តិទី៣បន្តទៀតផងដែរ៕