(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំ​ឡើងជាលើកដំបូងនៅកម្ពុជានោះនឹងចាប់ផ្តើមហើយ។ បើទោះបីឆ្នាំនេះត្រូវរៀបចំឡើង​​នៅកម្ពុជាក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏នៅតែឆ្លៀតពេលជួប​សំណេះ​សំណាលផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ដូចនឹងពេលពួកគេចេញទៅប្រកួតនៅក្រៅប្រទេសនាពេលកន្លងទៅផងដែរ។

នៅរសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា បានឆ្លៀតពេលវេលាដ៏មមាញញឹក ដើម្បីជួបសំណេះសំណាលជាមួយ​ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាព។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គ​លេ​ខា​ធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ​២០២៣ បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម តែងតែរៀបចំឡើងរៀងរាល់​ពីរឆ្នាំ​ម្តង ដូចទៅនឹងកីឡាស៊ីហ្គេមផងដែរ។

នៅឆ្នាំ២០១៩ ដែលប្រទេសហ្វីលីពីន គ្រោងធ្វើម្ចាស់ផ្ទះ និងឆ្នាំ២០២២ ប្រទេសវៀតណាមគ្រោង ធ្វើជាម្ចាស់ផ្ទះ ត្រូវបានខក​ខាន​ដោយសារវិបត្តិCOVID-19 គឺអាស៊ានប៉ារ៉ាហ្គេមលើកទី១០ និងលើកទី​១១។ ក្នុងស្ថាន​ភាពនេះ ប្រទេសឥណ្ឌូនេស៊ី ក៏ទទួលយកធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម​លើក​ទី១១ កាលពីខែកក្កដា និងសីហា ឆ្នាំ២០២២។

លោក យី វាសនា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជានេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាករចំនួន ១៧៦នាក់ កីឡារិនីចំនួន​៧៦នាក់ សរុបអត្តពលិកចំនួន ២៥២នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៧០នាក់ ថ្នាក់ដឹកនាំចំនួន ១៦នាក់ គ្រូពេទ្យចំនួន ១នាក់ អ្នកដឹកនាំក្រុមចំនួន ៤នាក់ និងនាយបេសកកម្មចំនួន ១នាក់ នាយបេសកកម្មរង ៣នាក់។

លោកបន្តថា ក្នុងចំណោមអត្តពលិកជនពិការទាំង ២៥២នាក់ មានជនពិការភ្នែក ៣២នាក់ ស្រី ៦នាក់ ចលករខួរក្បាល ២៣នាក់ ស្រី ៥នាក់ ពិការសតិបញ្ញា ៤នាក់ ស្រី ១នាក់។ អត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន ២៦១វិញ្ញាសារ វិញ្ញាសារ​បុរសចំនួន១៦០ វិញ្ញាសារនារីចំនួន៨០ វិញ្ញាសារគូចម្រុះចំនួន ៦ វិញ្ញាសារក្រុមចំនួន​១៣។

បើតាមលោក យី វាសនា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារំពឹងទុកនូវសន្ទសន៍មេដាយ កើនឡើង​៥០ភាគរយ បើប្រៀបធៀបអាស៊ានប៉ារ៉ាហ្គេមលើកទី១១ សរុប ៥៦គ្រឿង ក្នុងនោះ​រួមមានមេដាយមាស ៨គ្រឿង មេដាយប្រាក់ ២១គ្រៀង មេដាយសំរឺទ្ធ ២៧គ្រឿង។ តាមការប៉ាន់ស្មាន ប៉ារ៉ាឡាំពិកកម្ពុជាអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ១១ប្រទេសចូលរួម។

លោក យី វាសនា បានឱ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជា បានចូលរួមទាំង ១៣ប្រភេទកីឡា និងមួយប្រភេទកីឡាបង្ហាញ E-Sort។ កីឡាទាំង១៣ប្រភេទមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ វាយកូនឃ្លីលើតុជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ បាល់បោះជនពិការភ្នែក បាល់បោះរទេះ បាល់ទាត់ជនពិការចលករខួរក្បាល បាល់ទាត់ជនពិការភ្នែក បូស្យា(Boccia) វាយសីជនពិការ អុកជនពិការ និងយូដូជនពិការ៕