(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជន ដែលអញ្ជើញមកពីស្រុកក្រគរ និងស្រុកកណ្តៀង ចំនួន១,៣២៦នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំធំខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត, ប្រធាន អនុប្រធានប្រចាំការ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត, ប្រធានកិត្តិយស អនុប្រធាន ស.អ.ក ស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក កែវ រតនៈ បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ភ្ជាប់ជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកុលបុត្របន្តវេណដឹកនាំប្រទេសជាតិនាពេលអនាគត។

លោកបានយកឱកាសនោះ ថ្លែងអំណរគុណ ដល់អតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងកម្លាំងកាយចិត្ត រួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន រហូតទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ មកទល់ថ្ងៃនេះ។

លោកក៏បានអំពាវនាវ ដល់អតីតយុទ្ធជនទាំងអស់ ត្រូវរួបរួមកម្លាំងសាមគ្គីគ្នា ដើម្បីសម្រេចបានសមិទ្ធិផលធំៗបន្ថែមទៀត សម្រាប់ផលប្រយោជន៍មនុស្សជាតិ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យើងផ្ទាល់។ បន្ថែមពីនោះលោកក៏សូមឱ្យបងប្អូនយើង ចេះគោរពស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និងត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឱ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនដល់អ៊ុំ ពូ មីញ និងបងៗ អតីតយុទ្ធជន ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ចំនួន១,៣២៦នាក់ ព្រមទាំងផ្តល់ជូនអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕