(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនថៅកែរកស៊ីពុះដីឡូតិ៍លក់ម្នាក់ឈ្មោះ គឹម ចាន់តនា អាយុ៣១ឆ្នាំ ក្រោមបទចោទប្រកាន់ «កំហែងយក និងគំរាមកំហែងហែកកេរ្តិ៍» តាមបញ្ញតិមាត្រ៣៦៣, មាត្រា៣៦៤, មាត្រា៣៧២ និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទរូបនេះ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅម្តុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ៤៤៤ «ឃ១» ដ.ច.ន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ដោយចៅក្រមស៊ើបសួរ លោកស្រី សាយ ស្រីល័ក្ខ។

ការចាប់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់លោក ង៉ែត ចំរើន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ ដែលជាតំណាងឲ្យក្រុមហ៊ុនមួយ។ នៅក្នុងពាក្យបណ្តឹងតំណាងក្រុមហ៊ុនបានសំណូមពរ ដល់តុលាការឲ្យកោះហៅ និងចាប់ខ្លួនឈ្មោះ គឹម ចាន់រតនា ពីបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍ និងឲ្យឈ្មោះ គឹម ចាន់រតនា សងការប្រាក់សំណងជំងឺចិត្ត និងថ្លៃសេវាកម្មផ្លូវច្បាប់គិតជាប្រាក់ចំនួន២០០,០០០ដុល្លារផងដែរ៕