(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្នុងបេសកម្មចុះជួបកម្មករ/កម្មការិនីជុំទី២តទៅនេះ សម្ដេចតេជោនឹងផ្ដោតលើការពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាជូនកម្មករ និយោជិតតាមរោងចក្រនីមួយៗ ឬតំបន់សេដ្ឋកិច្ចនីមួយៗ ពិសេសគឺការអនុវត្តតាមអនុសាសន៍ទាំង១០ចំណុច ដែលបានដាក់ចេញកាលពីបេសកកម្មជុំទី១។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចាប់ផ្ដើមបេសកម្មចុះជួបកម្មករ/កម្មការិនីជុំទី២តទៅ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការដោះស្រាយបញ្ហាជូនកម្មករនិយោជិតតាមរោងចក្រនីមួយៗ ឬតំបន់សេដ្ឋកិច្ចនីមួយៗ ពិសេសគឺការអនុវត្តតាមអនុសាសន៍ទាំង១០ចំណុច ដែលបានដាក់ចេញកាលពីបេសកកម្មជុំទី១។ ក្នុងបេសកកម្មជុំទី២នេះដែរ សម្ដេចតេជោក៏ចង់ដោះស្រាយបញ្ហាផ្សេងទៀតដែលកម្មករនិយោជិតកំពុងជួបប្រទះ សំដៅធ្វើឱ្យយ៉ាងណាជួយលើកកម្ពស់សុខមាលភាព ជីវភាព ការរស់នៅរបស់កម្មករនិយោជិតឱ្យកាន់តែល្អប្រសើរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឱ្យលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ធ្វើរបាយការណ៍ប្រៀបធៀបពីវឌ្ឍនភាព ឬឱនភាពនៃការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ដែលបានដាក់ចេញកាលពីអំឡុង បេសកកម្មជួបកម្មករជុំទី១មុនឆ្នាំ២០២០ ក៏ដូចជាការងារដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត ដើម្បីឱ្យដឹងពីលទ្ធផលយ៉ាងណាខ្លះ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «អ្វីដែលឯកឧត្តម អ៉ិត សំហេង គួរធ្វើនាពេលខាងមុខ គឺត្រូវបញ្ជាក់បង្ហាញការប្រៀបធៀបរវាងមុនពេលជួបកម្មករលើកទី១ និងក្រោយជំនួប តើទទួលបានលទ្ធផលអ្វីខ្លះ ឧទាហរណ៍ដូចជាបញ្ហាស្ត្រីមានផ្ទៃពោះ ស្ត្រីឆ្លងទន្លេ»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ការធ្វើយ៉ាងដូច្នេះ គឺដើម្បីឱ្យកម្មករ/កម្មការិនីដឹងថា រាល់ជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី តើបានដោះស្រាយលើបញ្ហាអ្វីខ្លះ និងដើម្បីបន្តដោះស្រាយបញ្ហាផ្សេងៗបន្ថែមទៀត ពិសេសតម្រូវការ សំណូមពរ និងកង្វល់របស់កម្មករ/កម្មការិនី។

សូមរំឭកថា កាលពីបេសកកម្មជុំទី១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជួបជាមួយកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៧៧លើក ដែលមានកម្មករ/កម្មការិនីចូលរួមប្រមាណជិត១លាននាក់។

ចំពោះអនុសាសន៍ទាំង១០ចំណុច ដែលសម្ដេចតេជោបានដាក់ចេញកាលពីបេសកកម្មជុំទី១នោះ រួមមាន៖
ទី១. គ្រប់រោងចក្រទាំងអស់ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួល២ដងក្នុងមួយខែជូនកម្មករនិយោជិត។
ទី២. ផ្ដល់ការពិនិត្យព្យាបាលជំងឺជូនកម្មករនិយោជិតដោយមិនបង់ប្រាក់។
ទី៣. នៅពេលកម្មការិនីសម្រាលកូន ត្រូវបើកប្រាក់ឈ្នួល១២០ភាគរយ និងអនុញ្ញាតឱ្យឈប់សម្រាកមាតុភាពរយៈពេល៣ខែ។
ទី៤. ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន១នាក់ថវិកា៤០ម៉ឺនរៀល កូន២នាក់៨០ម៉ឺនរៀល និងកូន៣នាក់១លាន២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
ទី៥. និយោជកត្រូវបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។
ទី៦. ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
ទី៧. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន។
ទី៨. អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត៦ខែម្តង។
ទី៩. ក្រសួងការងារ និងក្រសួងពាក់ព័ន្ធត្រូវបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក។
ទី១០. បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ និងបង្កលក្ខណៈសម្បត្តិឱ្យពលករទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕