(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយធនាគារពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្ទៀងផ្ទាត់លទ្ធផលរបាយការណ៍ សិក្សាវាយតម្លៃ ការត្រៀមរៀបចំសម្រាប់ការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម)។

សិក្ខាសាលានេះប្រព្រឹត្តិទៅនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី វីកា រ៉ូសារីយ៉ូ បូហ្គាអឺត(Ms. Vica Rosario Bogaerts) អ្នកឯកទេសជាន់ខ្ពស់គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារ តំណាងធនាគាពិភពលោក ប្រចាំកម្ពុជា, អគ្គលេខាធិការ, ប្រធានលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក-លោកស្រីជាតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ។

ក្នុងនាមលោកកិត្តិសង្គហបណ្ឌិត គន់ គីម, លោក ហង្ស សាមឿន បានលើកឡើងថា ខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់នូវបញ្ហាប្រឈមនឹងហានិភ័យជាច្រើនបង្កដោយធម្មជាតិ និងមនុស្សដែលជាបុព្វហេតុ នៃគ្រោះមហន្តរាយ។ ដោយឡែកនៅកម្ពុជា មុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិកើតមានជារៀងរាល់ឆ្នាំបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតដូចជា៖ ជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម។

លោកបានបន្តថា ចំណែកឯមុខសញ្ញាគ្រោះថ្នាក់ដោយមនុស្សវិញក៏កើតមានថ្មីៗដូចជា៖ គ្រោះថ្នាក់សំណង់អគារបន្ថែមលើអគ្គិភ័យ, គ្រោះថ្នាក់ចរាចរណ៍ និងមុខសញ្ញាគ្រោះថ្នាក់មួយចំនួនទៀត។ ហានិភ័យគ្រោះមហន្តរាយកំពុង បន្តកើតឡើង និងបង្កផលប៉ះពាល់ដល់ដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គម។

លោក ហង្ស សាមឿន បានបន្តថា ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយនិងការគាំទ្រពីធនាគារពិភពលោក ទើបសិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ទៀងផ្ទាត់ជាចុងក្រោយ លើរបាយការណ៍សិក្សាវាយតម្លៃស៊ីជម្រៅលើសមត្ថភាពនៃការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជាដែលនឹងធ្វើការសម្រេចលើធាតុចូល ដើម្បីដាក់ទៅក្នុងផែនការវិនិយោគទាំង១៩ ដែលគ្រោងនឹងដាក់ចេញសម្រាប់ការឆ្លើយតបទៅនឹងតម្រូវការនៃការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្នប្រកបដោយប្រសិទ្ធភាព។

អនុប្រធានទី២ (គ.ជ.គ.ម.) មានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងទទួលបានការយល់ដឹងយ៉ាងច្បាស់អំពីភាពខ្លាំង នៃសមត្ថភាពរបស់ការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា និងជាកាលានុវត្តភាពសម្រាប់ការធ្វើឱ្យប្រសើរឡើង។

សមត្ថភាពលើការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ន កាន់តែមានប្រសិទ្ធភាព។ ក្នុងន័យនេះលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់នេះនឹងរៀបចំដាក់ចេញនូវ ផែនការវិនិយោគដែលមានលក្ខណៈសមស្របទៅនឹងតម្រូវការជាក់ស្ដែងហើយនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការកៀគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការអនុវត្តន៍សកម្មភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា កាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធននៅក្នុងសហគមន៍មូលដ្ឋាន។

គួរបញ្ជក់ផងដែរថា ក្នុងអង្គសិក្ខាសាលា សិក្ខាកាមអាចពិនិត្យឡើងវិញ និងផ្តល់ធាតុចូលដើម្បីបញ្ជាក់អំពីលទ្ធផលនៃការសិក្សាគោលបំណងជាក់លាក់នៃសិក្ខាសាលាបពា្ជក់ទៅលើលទ្ធផលនៃការសិក្សាវាយតម្លៃ អំពីការត្រៀម និងឆ្លើយតបគ្រោះមហន្តរាយដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយនៅកម្ពុជា៕