(ព្រៃវែង)៖ សៀវភៅ សម្រង់សង្ខេបវិនយបិដក១៣ភាគ ជាស្នាដៃសង្ខេប និងរៀបរៀងដោយលោក ម៉ម ឆៃ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ត្រូវបានបោះពុម្ភផ្សាយលើកទី១ បន្ទាប់ពីមានការទទួលស្គាល់ និងព្រះរាជានុញ្ញាតពីសម្ដេចមហាសង្ឃរាជ។

សៀវភៅនេះបានដកស្រង់ខ្លឹមសារសំខាន់ៗ នៃគម្ពីរព្រះវិន័យទាំង ១៣ភាគ ដែលជាជន្ទល់ ជាឬសគល់នៃព្រះពុទ្ធសាសនា សមដូចព្រះសង្គាហកត្ថេរបានសម្តែងថា «បើទុកជាព្រះសូត្រ និងព្រះអភិធម្ម សាបសូន្យអស់ទៅហើយក្តី ឲ្យតែព្រះវិន័យមិនទាន់វិនាសនៅឡើយ នោះព្រះសាសនា ឈ្មោះថាស្ថិតស្ថេរនៅតរៀងទៅ» ។

បើតាមលោក ម៉ម ឆៃ បានថ្លែងបញ្ជាក់អំពីប្រវត្តិនៃការរៀបរៀង សៀវភៅនេះឱ្យដឹងថា កាលពីឆ្នាំ១៩៦៨-១៩៧៥ និងឆ្នាំ១៩៩៥-១៩៩៩ កាលលោកជាគ្រូបង្រៀនពុទ្ធិកបឋម និងពុទ្ធិកវិទ្យាល័យ លោកបានអានសៀវភៅ ព្រះវិន័យបិដកទាំង១៣ភាគ បានចំនួន៣ចប់។ លោកបានឆ្លៀតដកស្រង់សំណៅសំខាន់ៗ បណ្តើរៗ ដោយសរសេរដៃ។ ឆ្នាំ២០០៣-២០១៩ ទោះបីសរសេរដៃហើយ និងវាយចូលកុំព្យូទ័រហើយ ក៏នៅពុំទាន់បានបោះពុម្ភ ព្រោះមិនមានលទ្ធភាព។

លោកបានបន្តថា ក្រោយមកព្រះពុទ្ធវង្ស សុខ សុភាព ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះចៅអធិការវត្តវារិន្ទពក លៀប (អតីតសិស្សពុទ្ធិក) បានបង្កើតគណៈកម្មការត្រួតពិនិត្យការបោះពុម្ភ ហើយបន្ទាប់ពីសម្តេចមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក-នាយករងទទួលស្គាល់ និងរាជានុញ្ញាត ទើបបានបោះពុម្ពលើកទី១ ចំនួន១,២០០ក្បាល។ មកដល់ពេលនេះបានប្រគេនសៀវភៅថ្វាយសម្តេចព្រះសង្ឃនាយក និងគណៈសង្ឃ ប្រគេនតាមវត្តអារាមមួយចំនួន ជាពិសេសក្នុងខេត្តព្រៃវែង និងបានផ្ញើរជូនថ្នាក់ដឹកនាំ កំពូលៗ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនផងដែរ។

លោក ម៉ម ឆៃ បានសម្តែងនូវភាពរីករាយដែលសៀវភៅនេះ ត្រូវបានបោះពុម្ភផ្សាយ។ ការបោះពុម្ភលើកទី១ អាចនឹងមានកំហុសឆ្គងមួយចំនួន ដែលទាមទារឲ្យមានការជួយកែសម្រួល ហើយលោកក៏កំពុងពិនិត្យកែសម្រួលឡើងវិញផងដែរ។ លោកថា នៅថ្ងៃខាងមុខប្រសិនបើមានលទ្ធភាព លោកនឹងបន្តធ្វើការបោះពុម្ភឲ្យបានច្រើនដើម្បីប្រគេន ទៅតាមវត្តអារាម ដើម្បីតម្កល់និងងាយស្រួល ព្រះសង្ឃ និងពុទ្ធបរិស័ទ សិក្សាស្រាវជ្រាវ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាស្នាដៃទី១របស់លោក ម៉ម ឆៃ នោះទេ ដោយលោកធ្លាប់បាន រៀបចំសៀវភៅ លំអានទំនៀមខ្មែរបូរាណ ជាមួយលោក ញាន ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា និងសៀវភៅជាច្រើនទៀត។ បច្ចុប្បន្នលោកបានរៀបចំរួចរាល់នូវសៀវភៅ មួយឈ្មោះថា ជម្រើសសារត្ថៈ វិនយបិដក និងសទ្ធម្បញ្ហា និងបានបោះពុម្ភ លើកទីមួយ ចំនួន ១,២០០ក្បាលផងដែរ៕