(ភ្នំពេញ)៖ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ជូនដល់សាមណនិស្សិត និងនិស្សិតចំនួន ២០០អង្គ/នាក់ នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នាឱកាសនោះដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ ដែលរួមមាន៖

*ទី១៖ ការកសាងពិភពលោកប្រកបដោយសុខសន្តិភាពយូរអង្វែងតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។
*ទី២៖ ការកសាងពិភពលោកប្រកបដោយសន្តិសុខរួមសម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។
*ទី៣៖ ការកសាងពិភពលោកប្រកបដោយភាពរុងរឿងរួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។
*ទី៤៖ ការកសាងពិភពលោក ប្រកបដោយភាពបើកចំហ និងបរិយាបន្នតាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក
និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍគំរូពណ៌បៃតង និងកាបូនទាប។

សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាការរួមអនាគត និងជោគវាសនារបស់គ្រប់ជាតិសាសន៍ និងគ្រប់ប្រទេសឱ្យមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ សហគមន៍ជោគវាសនារួមនៃមនុស្សជាតិដូចជាប្រទេសទាំងអស់ស្ថិតនៅក្នុងទូកតែមួយជាមួយគ្នា។

ក្រោយពីបានស្តាប់អង្គបាឋកថានេះ ព្រះសោមវេទី បណ្ឌិត អ៉ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសង្ឃដីការថា ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាពន្លឺដ៏ត្រចះត្រចង់នៃសន្តិភាពដែលនឹងបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីនាំប្រជាជាតិទាំងអស់រួមកម្លាំងគ្នាចូលរួមក្នុងចរន្តនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឱ្យមានការរីកចម្រើនផ្នែកអរិយធម៌ ហើយដែលប្រទេសចិនតែងគាំទ្រជាប់ជានិច្ចដល់ទស្សនវិជ្ជាប្រកបដោយគុណតម្លៃនៃការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះឈ្នះ។

ព្រះសោមវេទី បណ្ឌិត អ៉ឹម សុភក្តិ បន្តមានសង្ឃដីកាបន្តថា ទស្សនវិជ្ជានេះបាននឹងកំពុងបង្ហាញផ្លូវតាមរយៈសកម្មភាពនានារបស់ប្រទេសចិន ដែលមានលក្ខណៈទំនើបកម្មសង្គមនិយមតាមបែបផែនរបស់ខ្លួន ហើយទស្សនវិជ្ជានេះបានបង្កើតឱ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិប្រកបដោយសមភាព និងសមធម៌ដែលជាគោលដៅរួមសម្រាប់មនុស្សជាតិតែងតែជម្នះចង់បាន។

បើតាមលោកបណ្ឌិត កៅ មុយថង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួមនឹងអង្គពិធីទាំងមូលបានយល់ស្របថាចិនក្នុងនាមជាមហាអំណាចមានទំនួលខុសត្រូវក្នុងការលើកកម្ពស់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយរួមគ្នាផ្សព្វផ្សាយលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ គុណធម៌ និងលទ្ធិប្រជាធិបតេយ្យដែលជាគុណតម្លៃរួមនៃមនុស្សជាតិទាំងអស់។

បន្ថែមពីលើនេះ អង្គពិធីបានទះដៃអបអរសាទរចំពោះសមិទ្ធផលរយៈពេល១ទសវត្សរ៍មកនេះ ដែលកម្ពុជា និងចិនបាននឹងកំពុងបន្តកសាងសហគមន៍ជោគវាសនារួម ដោយប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណាក់កាលថ្មី ហើយសសរស្តម្ភទាំង៤ ដែលជំរុញដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិនោះគឺទី១៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, ទី២៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, ទី៣៖ គំនិតផ្តួចផ្តើមសន្តិសុខសកល និងទី៤៖ គំនិតផ្តួចផ្តើមអរិយធម៌សកល សុទ្ធតែត្រូវបានសាទរនិងគាំទ្រយ៉ាងពេញទំហឹងពីកម្ពុជាក្នុងការផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា៕