(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួប លោក ចាស្ទីន ខេវីន វ៉ាយ អេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ត្រូវបានបង្កើតឡើងជាច្រើនទស្សវត្សរ៍មកហើយ គឺចាប់តំាងពីឆ្នាំ១៩៥២ មកម្ល៉េះ។ ឆ្នាំ២០២២ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ ហើយក្នុងរយៈពេល ៧០ឆ្នាំនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ត្រូវបានពង្រឹងនិងពង្រីកកាន់តែជិតស្និទ្ធថែមទៀត។ អូស្រ្តាលីបានផ្តល់ជំនួយលើវិស័យជាច្រើនដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងដែរថា កម្ពុជា និងអូស្ត្រាលីក៏មានកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែលផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម និង សន្តិសុខដែនសមុទ្រ។ល។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីបេសកកម្មសន្តិភាពរបស់ ឧត្តមសេនីយ៍ឯក ចន ម៉ូរេ សេនឌឺសុន (John Murray Sanderson, AC) អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចំាកម្ពុជា (UNTAC)។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។ អូស្រ្តាលីក៏បានជួយខាងវិស័យ កសិកម្ម ព្រមទាំងបានផ្ដល់ជំនួយអភិវឌ្ឍន៍ចំនួន ៥២ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២-២០២៣។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយឆ្នាំ២០២២ ពាណិជ្ជកម្មមានចំនួនតែជាង ៥០០លានដុល្លារអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អូស្រ្តាលីបានផ្តល់ជំនួយវ៉ាក់សំាង Pfizer ចំនួន៣លានដូស ទូរសម្រាប់រក្សាទុកវ៉ាក់សំាងចំនួន១៣៣ និងបរិក្ខាពេទ្យសំខាន់ៗ ជាច្រើនទៀត ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ នៅកម្ពុជា។

អំពីទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា អូស្រ្តាលីជាដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាអបអរសាទរដែលនៅឆ្នាំ២០២១ ប្រមុខដឹកនាំអាស៊ាន និងអូស្រ្តាលីបានព្រមព្រៀងគ្នា បង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្រា្តលី។ ក្នុងឆ្នាំ២០២៤ ខាងមុននេះ នឹងមានកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី។

ចំពោះបញ្ហាឥណ្ឌូ-ប៉ាស៉ីហ្វិក លោកឧបនាយករដ្ឋមន្ត្រី បានលើកថា កម្ពុជាគំាទ្រទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (ASEAN Outlook on Indo-Pacific)។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកំណត់នូវគោលការណ៍ចំនួន៣ ជាត្រីវិស័យសម្រាប់ការគំាទ្រលើគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៉ីហ្វិក រួមមាន ទី១៖ ត្រូវតែផ្តល់ផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍ, ទី២៖ មិនប្រឆាំងនឹងប្រទេសណាមួយ និង ទី៣៖ ត្រូវគោរព និងផ្តល់ការគាំទ្រសម្រាប់មជ្ឈភាពរបស់អាស៊ាន និងទស្សនទានឥណ្ឌូប៉ាស៉ីហ្វិករបស់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសួរទៅលោកឯកអគ្គរដ្ឋទូត ថាតើអូស្រ្តាលីនឹងបញ្ចូនអ្នកសង្កេតការណ៍មកចូលរួមត្រួតពិនិត្យការបោះឆ្នោតនៅកម្ពុជានៅក្នុងខែកក្កដា ខាងមុខនេះដែរឬទេ? ហើយលោកឧបនាយករដ្ឋមន្រ្តី បានរំលឹកថាកម្ពុជាមានគោលការណ៍គ្រឹះដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងប្រទេសមួយទៅប្រទេសមួយទៀត ដែលសម្ដេចតេជោ បានលើកឡើងជាអចិន្រ្តៃយ៍ថា កម្ពុជាមានគោលការណ៍គ្រឹះមិនទទួលយកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងប្រទេសមួយទៅប្រទេសមួយទៀត ហេតុដូចនេះ ហើយបានជាកម្ពុជាពុំអាចទទួលការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ។

លោក ចាស្ទីន ខេវីន វ៉ាយអេត បានលើកឡើងថា ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការរវាងកម្ពុជានិងអូស្រ្តាលីមានភាពជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូត បានយល់ស្របជាមួយ លោកឧបនាយករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានកំណើនលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទំាងវិស័យកសិកម្ម រវាងប្រទេសទំាងពីរថែមទៀត។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងបន្តថា នយោបាយការបរទេសអូស្រ្តាលីក៏ផ្តោតសំខាន់លើបញ្ហាឥណ្ឌូប៉ាស៉ីហ្វិកផងដែរ ក៏ប៉ុន្តែអូស្រ្តាលីមិនមែនជាប្រទេសមហាអំណាចទេ គ្រាន់តែជាប្រទេសមធ្យមប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងសំណួរ លោកឧបនាយករដ្ឋមន្រ្តី អំពីលទ្ធភាពថាតើអូស្រ្តាលីនឹងបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមត្រួតពិនិត្យការបោះឆ្នោតនៅកម្ពុជា នៅក្នុងខែកក្កដា ខាងមុខនេះឬទេ លោកឯកអគ្គរដ្ឋទូត បានឆ្លើយថាអូស្រ្តាលីអត់មានអ្នកសង្កេតការណ៍មកត្រួតពិនិត្យការបោះឆ្នោតនៅកម្ពុជាទេ។

ដោយទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់របស់ លោកឧបនាយករដ្ឋមន្រ្តី ក្នុងការសម្របសម្រួលទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាសហប្រធាន គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោកឯកអគ្គរដ្ឋទូត បានសួរថាតើនៅក្រោយការបោះឆ្នោតនាពេលខាងមុខ លោកឧបនាយករដ្ឋមន្រ្តី នឹងបន្តតួនាទីនេះទៀតឬទេ? លោកឧបនាយករដ្ឋមន្រ្តី បានឆ្លើយថា ដោយលោកមានអាយុច្រើនហើយប្រហែលជាត្រូវឈប់សម្រាក ទុកឱ្យអ្នកបន្តវេនក្មេងៗជំនាន់ក្រោយបន្តតួនាទីនេះជំនួសវិញ៕