(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅមិត្តបរទេសថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយកម្ពុជា។

សម្ដេចតេជោ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមិត្តបរទេសថា កម្ពុជា ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព ហេតុអ្វីក៏បរទេសមកលូកលាន់កិច្ចការរបស់កម្ពុជា?

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមនិយាយឲ្យពិត អស់លោកគិតថា ខ្ញុំជាក្មេងបៀមដៃ? អស់លោកគិតថាខ្ញុំ ចាប់ដៃជាន់ជើងបាន? អត់ទេ។ ថ្ងៃក្រោយឲ្យរៀងចាល អានយោបាយបែបហ្នឹង។ ចាប់ពីថ្ងៃនេះទៅ បើហ៊ានអន្តរាគមន៍ លើបុគ្គលណា បើបុគ្គលនោះជាប់ទោស ឲ្យជាប់ទៅ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពួកបរទេសថា នាយករដ្ឋមន្ត្រី ប្រធានាធិបតីរបស់ពួកអ្នកពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង។ តែកម្ពុជាមិនមែនដូច្នោះទេ ពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៅកាន់មិត្តបរទេសថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិត្តបរទេស។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសមើលកម្ពុជា ឱ្យលើសពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយផងដែរ។ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្តន៍បាននោះទេ៕