(ហ្សាការតា)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៉ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សុន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM)។

នៅក្នុងសន្ទរកថានោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ SEOM ក្នុងការពង្រឹង និងពង្រីករបៀបវារៈកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានេះ តបតាមការអញ្ជើញរបស់វិទ្យាស្ថានអាស៉ីប៉ាស៉ីហ្វិក សម្រាប់ការអភិវឌ្ឍការផ្សព្វផ្សាយ (AIBD) លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៉ីលើកទី ១៨ ក្រោមមូលបទ «ប្រព័ន្ធផ្សព្វផ្សាយពង្រឹងនិរន្តភាពសេដ្ឋកិច្ច» នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៉ី។

លោកអគ្គលេខាធិការអាស៊ាន នឹងផ្តល់សុន្ទរកថាពិសេស លើប្រធានបទ «ស្នូលនៃកំណើន»។ សូមជម្រាបជូនថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៉ី គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលប្រមូលមន្ត្រីរដ្ឋាភិបាល អង្គការអន្តរជាតិ និងតួអង្គពាក់ព័ន្ធឧស្សាហកម្មទាំងអស់ ធ្វើការពិភាក្សាវែកញែកលើនិន្នាការបច្ចុប្បន្ន និងការវិវត្តន៍ចុងក្រោយបង្អស់ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់។

នៅរសៀលថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៣ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៉ី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៉ីលើកទី ១៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានអាស៉ីប៉ាស៉ីហ្វិក សម្រាប់ការអភិវឌ្ឍការផ្សព្វផ្សាយ (AIBD) ដឹកនាំនាយកប្រតិបត្តិ លោក  Philomena Gnanapragasam ។

ភាគីទាំងពីរ បានពិភាក្សារិះរកវិធីដើម្បីសហការគ្នានាពេលអនាគត រវាងអាស៊ាន និង AIBD។ លោកបណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរពីតួនាទីបុរេសកម្មរបស់ AIBD ក្នុងការផ្តល់នូវវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹងលើការអភិវឌ្ឍគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក៕