(ភ្នំពេញ)៖ រដ្ឋាភិបាលចិន តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន បានបង្ហាញការជឿជាក់​លើ​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យជីវភាពរបស់ប្រជា​ពល​រដ្ឋ​កម្ពុជា កាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ ដែលជាទីតាំងវិនិយោគ​ដោយអ្នកវិនិយោគរបស់ចិននោះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ​កម្ពុជា បានគូសរំលេចថា រដ្ឋាភិបាលចិន មានក្តីសោមនស្សរីករាយ ដែលបាន​ឃើញកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋា​ភិបាលកម្ពុជាអាណត្តិទី៦ សម្រេចបានដោយជោគជ័យនូវស្ថេរភាពនយោបាយ សង្គម រក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុង​រយៈពេលច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។

បន្ថែមពីលើនោះ ការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យជោគលើសមិទ្ធធំៗ មាន​ដូច​ជា​ការប្រយុទ្ធ​ប្រឆាំងនឹងកូវីដ១៩, ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកប​ដោយកម្រិតខ្ពស់ និងរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រកប​ដោយជោគជ័យយ៉ាងពេញលេញ។

លោក វ៉ាង វិនធាន បានគូសរំលេចទៀតថា សព្វថ្ងៃទំនុកចិត្ត និងកម្លាំងចិត្តប្រជា​ពល​រដ្ឋកម្ពុជា កំពុងកើនឡើងឥតឈប់ឈរ ធ្វើឱ្យឥទ្ធិពលក្នុងតំបន់ និងឆាកអន្តរ​ជាតិ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។

ដោយសារតែឆ្នាំនេះជាឆ្នាំកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ លោក វ៉ាង វិនធាន ក្នុងនាមរដ្ឋាភិបាលចិន បានបង្ហាញការជឿ​ជាក់លើ​ការ​ដឹក​នាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងដូច្នេះ «យើងជឿជាក់ថា ដរាបណាមាន​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​យូរអង្វែង​នោះ ជីវភាពរស់នៅរបស់​ប្រជា​ពល​រដ្ឋកម្ពុជា នឹងកាន់តែល្អប្រសើរឡើងពីមួយថ្ងៃ​ទៅ​មួយថ្ងៃ»

រដ្ឋាភិបាលចិន ក៏ដូចជាបក្សកុម្មុយនិស្តចិន បានក្លាយទៅជាដៃគូសហប្រតិបត្តិការ​ដ៏​ស្អិតល្មួតជាមួយរាជ​រដ្ឋា​ភិ​បាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នៅចុងទសវត្សរ៍៩០ ពោលក្រោយពេលគណបក្ស​ប្រជាជន​កម្ពុជាឈ្នះឆ្នោត​ដឹក​នាំ​ប្រទេសឆ្នាំ១៩៩៨។

ទំនាក់ទំនងកម្ពុជា និងចិន ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រហូតក្លាយជាដៃគូ​យុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។ ទំនាក់ទំនង ក៏ត្រូវបានពូនជ្រុំកាន់តែរឹង​មាំដូចដែកថែបមកដល់ពេលបច្ចុប្បន្ន។ រដ្ឋាភិបាលកម្ពុជា និងចិន ក៏ដូចជាក្រប​ខណ្ឌបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន តែងតែបានបង្ហាញនូវការគាំទ្រគ្នា​យ៉ាង​មុតមាំក្នុងក្របខណ្ឌទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីម្តងទៀតនូវតួនាទី​ដ៏សំខាន់របស់ចិន ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យ​មានការរីកចម្រើន។ សម្តេចតេជោ បន្តរំលឹកនូវសំណួរដែលសម្តេចតែងតែលើកឡើង​រឿយៗថា បើមិនឱ្យសម្តេច ពឹងចិន តើឱ្យពឹងនរណា?

កម្មវិធីនាព្រឹកមិញនេះ ជាកម្មវិធីមួយអបអរសាទរខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើម «ខ្សែ​ក្រវាត់ និងផ្លូវ» ដែលដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិននោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសរសើរដល់គំនិតផ្តួចផ្តើមនេះ គឺជាគំនិតផ្តួច​ផ្តើមដ៏ល្អ ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា នាំឱ្យវត្តមានពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវថ្នល់ និងស្ពានឆ្លងទន្លេជាច្រើនខ្សែ។

តាមរយៈអ្វីដែលសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន លើកឡើងក្នុងវេទិ កានាព្រឹកមិញនេះ គឺជាការបង្ហាញឱ្យឃើញនូវជំហររក្សានូវការគាំទ្រគ្នាដ៏មុតមាំមួយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក៏ដូចជារវាងបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន៕