(ឧត្តរមានជ័យ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ រវាងរថយន្តកាមរីឆ្លាម និងរថយន្តស្ទូច បណ្តាលឱ្យបុរសជាឪពុក និងកូនស្រីតូចម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកស្ត្រីជាភរិយារងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩.០០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅបង្គោលគីឡូម៉ែត្រលេខ៥៦+៥៧ ក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តកាមរីឆ្លាមពណ៍ខ្មៅ ពាក់ស្លាក 2J-1665 បើកបរដោយបុរសវ័យក្មេងម្នាក់រួមដំណើរមានប្រពន្ធនិងកូនតូច ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខសៀមរាប 3A-2191 បើកបរពីជើងទៅត្បូងក្នុងទិសដៅបញ្រ្ចាសទិសគ្នា លុះដល់កន្លែងកើតហេតុរថយន្តឆ្លាមក៏រេចង្កូតទៅបុករថយន្តស្ទូចចំពីមុខ បណ្តាលឱ្យតៃកុងរថយន្តឆ្លាម និងកូនស្រីតូចម្នាក់ស្លាប់នៅហ្នឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះជាអ្នកបើកបររថយន្តកាមរីឆ្លាមដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ញឹម វ៉ាន់ថាយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកងទ័ព ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ និងកូនស្រីតូចម្នាក់អាយុ២ខួប ចំណែកប្រពន្ធឈ្មោះ ពៅ ផាន់ម៉ៃ អាយុ២២ឆ្នាំ រងរបយសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ជនរងគ្រោះទាំង៣រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមច្បាប់៕