(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-ក្រុងសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្ត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការជច្រើនផងដែរ។

លោក ចម ប្រសិទ្ធ បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-ក្រុងសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ ថានៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុន បានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១១៥លានដុល្លា សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាត៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ។ ដោយសារ តែតម្រូវការប្រើប្រាស់ទឹកស្អាត នៅក្នុងក្រុងសៀមរាប រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលបានគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(ហៅកាត់ថា (JICA) សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ៧,១៦១លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប។

លោកបានបន្តថា នៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥។ ខណៈបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ដែលគិតត្រឹមឆ្នាំ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១.២លានគ្រួសារ គឺកើនឡើង ៥៣.៨% ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០ លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប។

បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងភាគីពាក់ព័ន្ធបានធ្វើឱ្យកម្ពុជាឈ្នះនូវផលប៉ះពាល់នៃជំងឺកូវីដ១៩ ហើយសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងវិស័យជាច្រើនបានកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយភ្ញៀវទេសចរណ៍កំពុងត្រឡប់មកខេត្តសៀមរាប និងតំបន់ទេសចរណ៍សំខាន់ៗនៅកម្ពុជា។

លោកបន្តថា រោងចក្រប្រព្រិត្តកម្មទឹកស្អាតថ្មីនេះនឹងអាចបំពេញតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជនឱ្យបាន១០០% ត្រឹមឆ្នាំ២០២៥។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កម្ចីសម្បទាពតាមរយៈទីភ្នាក់ងារសហរតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅថា (ICA) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប និងការផ្ដល់ជំនួយហិរញ្ញប្បទានេះ ឥតសំណងតាមរយៈក្រសួងការបរទេសជប៉ុន សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គងទឹកស្អាតខេត្តកំពង់ធំ។ ចំពោះការសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងពីរកន្លែងនៅថ្ងៃនេះក៏ជានិមិត្តរូបមួយនៃភាពរីកចម្រើន នៃចំណងទាក់ទងរវាងកម្ពុជា-ជប៉ុន ដែលជាឆ្នាំគម្រប់៧០ឆ្នាំ (១៩៥៣.២០២៣)។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នេះជាភ័ព្វសំណាងល្អរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពម៉ឺងម៉ាត់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងថេរវេលាជិត៣ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីជ១៩ ប្រកបដោយភាពស្វាហាប់ និងភាពបត់បែន ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីបុរេសកម្ម ហើយបានគ្រប់គ្រងសភាពការណ៍សង្គម និងសេដ្ឋកិច្ចបានល្អប្រសើរ។ រាជរដ្ឋាភិបាល នៅតែបន្តជំរុញសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ការលើកស្ទួយផលិតកម្ម ដើម្បីឈានឡើងទៅកាន់កម្ពស់ថ្មីមួយទៀត ក្នុងខ្សែចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក ជាពិសេសដើម្បីចេញផុតពីប្រទេសមានចំណូលមធ្យមកម្រិតទាប និងឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ខាងមុខ។ តាមការព្យាករណ៍នៅឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនដល់ ១៩លាននាក់ និងឈានដល់ចំនួន ២២លាននាក់ នៅឆ្នាំ២០៥០ ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។

សម្តេចបានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត ជាសមត្ថកិច្ចគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែទទូច និងស្នើឱ្យមានការលើកទឹកចិត្តការចូលរួមវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត ពីផ្នែកឯកជនទាំងក្នុង និងក្រៅប្រទេស ដែលជាការជួយបំពេញបន្ថែមដល់ផ្នែកសាធារណៈ ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់គ្រប់ទីប្រជុំជន រួមទាំងតំបន់ជនបទនានា បន្ថែមលើការចូលរួមការផ្ដល់ទឹកស្អាត ពីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់នៅកម្ពុជាផងដែរ៕