(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានទី១ ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយក្រុងស្វាយរៀង និងលោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានបន្តធ្វើការផ្សព្វផ្សាយគោលនយោបាយ ៨ចំណុចរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយមេក្រុមបក្សភូមិកៀនសាំង និងស្រះវង់ ក្នុងសង្កាត់ស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង, លោក គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត និង ជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្វាយរៀង,លោក ណុប ចំរើន ប្រធានគណបក្សក្រុង លោក លោកស្រី ប្រធាន អនុប្រធានគណបក្សសង្កាត់ និងសមាជិកបក្សជាច្រើននាក់ផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានអានគោលនយោបាយចំនួន៨ ចំណុចរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញឲ្យសមាជិកបក្សទាំងអស់អនុវត្ត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់អំពីគោលនយោបាយរបស់គណបក្សផងដែរ។

បន្ថែមលើសពីនេះ លោកបណ្ឌិត កែរ រដ្ឋា ក៏បានជំរុញដល់សមាជិកបក្សទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យក្រោមដំបូងនៃសុខសន្តិភាព។

ជាមួយគ្នានេះ លោក ជុក មុន្នី បានថ្លែងថា សមិទ្ធផលជាច្រើននៅក្នុងខេត្តស្វាយរៀង មានទាំងរោងចក្រសហគ្រាស ដែលបង្កើតឲ្យមានការងារធ្វើដល់កម្មករ កម្មការិនី និយោជិក រាប់ម៉ឺននាក់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យគង់វង្សយូរអង្វែងជានិរន្តមិនឲ្យបុគ្គលណាម្នាក់មកបំផ្លាញបានឡើយ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនដែលមានប្រវត្តិរត់ចោលពលរដ្ឋម្តងណាឡើយ ផ្ទុយទៅវិញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន តែងតែគិតគូរពីសុខទុកពលរដ្ឋជាខ្លាំង រួមសុខរួមទុកជាមួយប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ សម្តេចមិនដែរទុកបងប្អូនពលរដ្ឋចោលឡើយ ពោលគឺតែងតែចាត់ក្រុមការងារ ចុះទៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះភ្លាមៗផងដែរ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ទទួលបានការអបអរសាទរយ៉ាងត្រចះត្រចង់ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ គ្រប់គ្នាកាន់តែយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព សមដូចពាក្យស្លោកដែលបានរំលេចថា «កីឡារស់ក្នុងសន្តិភាព»ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ។

សូមបញ្ជាក់ថា ក្រុមការងារជួយឧបត្ថម្ភភូមិកៀនសាំង និងស្រះវង់ ក្រុមប្រឹក្សាគណបក្សសង្កាត់ សាខាបក្សភូមិកៀនសាំង និងមេក្រុមបក្សភូមិស្រះវង់ ចំនួន២៤៨នាក់។ មេក្រុមបក្សម្នាក់ៗទទួលបានក្រម៉ា ១ និងថវិកា ១០,០០០រៀល៕