(កំពង់ឆ្នាំង)៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន៦៨គ្រួសារកន្លងទៅនេះ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានទទួលអំណោយមនុស្សធម៌ពីអង្គការ (FlDR)។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា កាលពីព្រឹកថ្ងៃទី២១ ខែឧសភា លោកបានដឹកនាំក្រុមការងារថ្នាក់ស្រុក និងឃុំ ចូលរួមជាមួយនឹងអង្គការ (FlD R) ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អង្គការ ចែកជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៦៨ខ្នងផ្ទះ រយៈពេលកន្លងទៅ។

អំណោយរបស់អង្គការ (FlDR) ដែលបានចូលរួមមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង៦៨គ្រួសាររួមមាន៖
*ទី១៖ ស័ង្កសីចំនួន២៨៦សន្លឹក
*ទី២៖ ឈើរត៣ម×១២មចំនួន ៥០ដើម
*ទី៣៖ ឈើបង្កត់រ៉ៃស័ង្កសី ៦០ដើម ៤ម×៤ម,
*ទី៤៖ សសរចំនួន៥០ដើម
*ទី៥៖ អង្ករចំនួន ១.៧០០
*ទី៦៖ មីជាតិចំនួន៦៨កេស។ សរុបជាថវិកាចំនួន១៥,៤៦៨,០០០រៀល។ អំណោយទាំងអស់នេះត្រូវបានបែងចែកដល់គ្រួសាររង គ្រោះទាំង៦៨គ្រួសារស្មើៗគ្នាផងដែរ។

លោកបានបញ្ជាក់ទៀតថា អំណោយសប្បុរសធម៌របស់អង្គការ (FlDR) ខាងលើនេះ គឺជាការរួមចំណែកមួយយ៉ាងធំធេងជាមួយនឹងអាជ្ញាធរ ក្នុងការជួយរំលែកនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដែលរងគ្រោះដោ យគ្រោះធម្មជាតិ។

ក្នុងនាមលោកជាអភិបាលស្រុក និងជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចប្រជាពលរដ្ឋរងគ្រោះទាំង៦៨គ្រួសារខាងលើនេះ សូមថ្លែងអំណរគុណដល់អង្គការ (FlDR) និងសូមជូនពរឱ្យអង្គការ (FlDR) ក្នុងការបំពេ ញការងារសូមជោគជ័យនូវរាល់ភារកិច្ច។

ជាចុងក្រោយ លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូក ក៏ដូចជាពលរដ្ឋរស់នៅតាមបណ្ដាឃុំនានា ក្នុងស្រុកកំពង់លែងទាំងមូល សុំឱ្យបងប្អូនប្រជាពលរដ្ឋយើងបន្តមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិផ្សេងៗ ដោយសារតែរដូវនេះជារដូវវស្សា អាចមានភ្លៀង, ខ្យល់,ផ្គរ, រន្ទះ ជាដើម ហេតុនេះត្រូវមានការប្រុងប្រយ័ត្នទាំងការធ្វើដំណើរតាមផ្លូវគោក ឬធ្វើតាមទឹកឬការចេញទៅប្រកបរបរកសិកម្ម ធ្វើស្រែចំការ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្រែងមានជួបគ្រោះថ្នាក់ដោយប្រការណាមួយ៕