(កំពង់ចាម)៖ មិនខុសពីប្រជាពលរដ្ឋកម្ពុជាឡើយ លោក ហ៊ុន ម៉ាណែត ក៏សម្ដែងនូវការសោកស្ដាយចំពោះពេលវេលាជាង៥០០ឆ្នាំដែលកម្ពុជាមិនបានស្គាល់សន្តិភាពពេញលេញ ដូច្នេះហើយទើបលោកអំពាវនាវដល់ប្រជាពលរដ្ឋបច្ចុប្បន្ន សូមចូលរួមការពារសន្តិភាពដែលរកបានដោយលំបាកនេះថែរក្សាឱ្យបានគង់វង្សយូរអង្វែង ដើម្បីអនាគតកម្ពុជាភ្លឺស្វាងរីកចម្រើន។

គួរជម្រាបថា ការថ្លែងអំពាវនាវយ៉ាងដូច្នេះធ្វើឡើងនាឱកាសដែលលោក ហ៊ុន ម៉ាណែត ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានាក្នុងវត្តសែនមនោរម្យ ហៅវត្តចាស់ ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ លោកបណ្ឌិតបានសម្ដែងនូវការត្រេកអរចំពោះសមិទ្ធផលថ្មីៗជាច្រើនសម្រាប់វត្ត ដែលមានអាយុកាលជាង៥០០ឆ្នាំមួយនេះ ដោយបានឆ្លងកាត់ជាច្រើនជំនាន់ ទាំងសម័យកាលសុខសាន្តផង សម័យកាលជម្លោះបែកបាក់ផង ទម្រាំមានការអភិវឌ្ឍរីកចម្រើនក្នុងសម័យកាលសុខសន្តិភាពឡើងវិញរបស់ជាតិខ្មែរដូចបច្ចុប្បន្ន ហើយទីអារាមដែលធា្លប់ត្រូវបានគេបោះបង់ចោល ក៏បានក្លាយជាទីកន្លែងប្រកបដោយភាពមនោរម្យសម្រាប់គោរពបដិបត្តិសាសនា។

លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើ៥០០ឆ្នាំ យើងមិនមានសង្គ្រាមបែកបាក់ គឺយើងច្បាស់ជាបានទទួលការរីកចម្រើនជឿនលឿនច្រើនជាងនេះ។ ដូច្នេះសម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត គឺយើងមានតែរួមគ្នាបន្តកសាងសមិទ្ធផលបន្ថែម និងការពារអ្វីដែលមានក្នុងដៃឱ្យបានគង់វង្ស និងកុំឱ្យធ្លាក់ចូលសាជាថ្មីទៅក្នុងអន្លង់នៃសង្រ្គាមព្រាត់ប្រាស់ ទោះក្នុងតម្លៃណាក៏ដោយគឺត្រូវការពារសន្តិភាពបាន គឺការពារអាយុជីវិត ការពារឱកាស និងការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង រួមទាំងជំនឿសាសនា»។

លោក ហ៊ុន ម៉ាណែត បានបន្តថា កត្តាដែលធ្វើឱ្យមានការអភិវឌ្ឍ និងការសម្រេចបានសមិទ្ធផលជាច្រើនដូចដែលប្រជាជនកំពុងអបអរទទួលបាននេះ គឺអាស្រ័យដោយកត្តាចម្បង២យ៉ាងគឺ៖

ទី១. កម្រិតជីវភាពរបស់ប្រជាជនមានការរីកចម្រើនដែលនៅក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ គឺបាតដៃទទេដូចៗគ្នា ប៉ុន្តែពេលនេះទទួលបានជីវភាពល្អប្រសើរ និងអាចប្រកបរបររកទទួលទាន និងបំពេញការងារផ្សេងៗ រហូតមានលទ្ធភាពចែករំលែកផលនៅក្នុងសង្គម ដូចដែលស្តែងឡើងតាមរយៈការឯកភាពគ្នាកសាងសមិទ្ធផលដូចថ្ងៃនេះ។

ទី២. ការបង្កលក្ខណៈយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចចិត្ត និងការជ្រើសរើសជំនាញ អាជីព និងមុខរបរ រួមទាំងការបម្រើសេវាមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាជន គឺសេវាសុខាភិបាល អប់រំ ការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធរូបវន្ត និងស្ថិរភាពនៃការរស់នៅក្នុងសង្គមប្រកបដោយលំនឹងផ្លូវចិត្ត និងក្តីសង្ឃឹម។

អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។ ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុ២យ៉ាង៖ ទី១-ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ ទី២-ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចបន្ទុកបណ្ដាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជាប់រហូតមក។

លោកបណ្ឌិតបានគូសបញ្ជាក់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជាមានយន្តការក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមកច្រើនបន្ថែមនៅតាមមូលដ្ឋាន គឺដើម្បីរួមកម្លាំងសរុបសម្រាប់ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា និងជួយប្រជាពលរដ្ឋតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាធានាដល់តម្រូវការ និងផលប្រយោជន៍របស់ប្រជាជនពិតជាក់ស្តែងនៅមូលដ្ឋាន ពីព្រោះគោលដៅ និងទិសដៅដ៏ជាក់លាក់មួយរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាមានបាន។ ដូច្នេះបេសកកម្មដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជនចំពោះឆន្ទៈឥតងាករេរបស់គណបក្សក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន៕