(ក្រចេះ)៖ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុខេត្តក្រចេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសទទួលស្គាល់ សមាជិកសមាជិកាគណៈកម្មាធិការសាខាបក្សភូមិឃុំស្រុកថ្មីចំនួន២៣១០នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ស្រុក ចុះជួយ ស្រុក ឃុំយ៉ាងច្រើនកុះករ។

លោក វ៉ា ថន បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូពីសុខទុក្ខដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋានជានិច្ច។

លោកបានជំរុញដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។

លោកបន្តថា «គណបក្សប្រជាជនកម្ពុជា មិនដែលមានប្រវត្តិរត់ចោលពលរដ្ឋម្តងណាឡើយ ផ្ទុយទៅវិញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខពលរដ្ឋជាខ្លាំង រួមសុខរួមទុកជាមួយប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ សម្តេចមិនដែលទុកបងប្អូនពលរដ្ឋចោលឡើយ ពោលគឺតែងតែចាត់ក្រុមការងារចុះទៅមូលដ្ឋានផ្ទាល់ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះភ្លាមៗផងដែរ»

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក វ៉ា ថន បានផ្ដល់ជូនបងប្អូនសមាជិកសមាជិកាទាំងអស់ក្នុងម្នាក់ៗទទួលក្រម៉ា១ និងថវិកា១០០០០រៀលផងដែរ៕