(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP/PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ណែនាំប្រតិបត្តិការឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1 នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់ក្រុមការងារនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា ដែលជាស្ថាប័នហិរញ្ញវត្ថុដៃគូក្នុងគម្រោង ACSEP/PIU1 ព្រមទាំងមន្រ្តីបង្គោលនៃ ACSEP/PIU1 អំពីការធ្វើបច្ចុប្បន្នភាពលើឯកសារគោលការណ៍ប្រតិបត្តិការឥណទាន និងនីតិវិធីនៃប្រតិបត្តិការឥណទានរបស់គម្រោង។

សូមបញ្ជាក់ថា គម្រោងប្រកួតប្រជែងខែ្សច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាគម្រោងរបស់រាជរដ្ឋាភិបាល និងទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះមានគោលដៅធំៗចំនួនបីរួមមាន៖ ១-ជួយសម្រួលដល់ការទទួលបានឥណទានសម្រាប់សហគ្រាសកសិធុរកិច្ច សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ដែលអនុវត្តដោយនិយ័តករបរធនបាលកិច្ចក្រោមក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២-ជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារក្នុងចំណោមសហគ្រាសកសិធុរកិច្ច និងសហគមន៍កសិកម្ម និងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ៣-ធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវដឹកជញ្ជូនពីកសិដ្ឋានផលិត ទៅកាន់ទីផ្សារដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។

គម្រោង ACSEP នឹងចូលរួមចំណែកក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួន រួមមាន៖ ដំឡូងមី ផ្លែស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រុក ក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្មចំនួន២៣០ (ប្រហែល២៧,០០០គ្រួសារ) និងកសិធុរកិច្ចចំនួន៥០នៅក្នុងតំបន់គោលដៅគម្រោង៕