(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហោះសារលើទំព័រផ្លូវការរបស់ខ្លួន ស្របជាមួយនឹងទំព័រផ្លូវការ ស.ស.យ.ក. ដែលបង្ហាញពីភាពជា ម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលដ៍ខ្លីខាងមុខ។

ជាមួយនឹងការបង្ហោះខ្លឹមសារភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹករបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា អំឡុងពេលប្រកួត លោក ហ៊ុន ម៉ានី បានសរសេរថា «ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ»។

លោកបានបញ្ជាក់បន្ថែមថា ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពេលនេះ ជារឿងចាំបាច់ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។ ទន្ទឹមនេះ លោកផ្ទាល់ក៏បានអំពាវនាវឲ្យទាំងអស់គ្នា រួមគ្នាគាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។

លើសពីនេះទៀត ខ្លឹមសារដែលបានចេញផ្សាយលើទំព័រ ស.ស.យ.ក. នាព្រឹកថ្ងៃនេះដូចគ្នា ក៏បានរំលេចពីការចូលរួមសាទរភាពម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាដ៏ពិសេសនេះផងដែរ ដោយបានបង្ហាញពីអត្ថន័យ នៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជា លើពីការរៀបចំការប្រកួត។

តាមរយៈខ្លឹមសារនេះ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជានឹងទទួលបានពីភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាម្តងទៀតនេះ មិនមែនត្រឹមតែជាការទទួលស្គាល់ពីពិភពលោក ចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំ និងគ្រប់គ្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែជាការទាញអារម្មណ៍បន្ថែមឲ្យពិភពលោកយល់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់ជនដែលមានពិការភាព។ នេះជាការគោរពដល់សិទ្ធិជាសារវ័ន្តរបស់ពួកគាត់ (អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា)។

កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាក និងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម ដូច្នេះកម្ពុជាពិតជាយល់ច្បាស់ណាស់ពីទុក្ខវេទនារបស់ជន ដែលមានពិការភាព។ ដើម្បីបញ្ជៀសឲ្យខាងតែបាននូវទុក្ខវេទនានេះ កម្ពុជាបានខិតខំអស់ពីកម្លាំងកាយ និងចិត្ត ក្នុងការកសាងសន្តិភាព និងការពារនូវអត្ថិភាព នៃសន្តិភាពឲ្យខាងតែបាន ដើម្បីបង្កើតមុខមាត់ថ្មីមួយ ដែលជាក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់គ្នា។

សូមជម្រាបជូនថា បន្ទាប់ពីសម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ពីភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសល់តែរយៈពេល១២ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត លើវិស័យកីឡា ដោយការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ លោក ហ៊ុន ម៉ានី បានតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

កាលពីវេលានោះ កីឡាករ កីឡាការិនីជនដែលមានពិការភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពខ្លួនក្នុងការប្រកួតគ្រប់វិញ្ញាសារ ទទួលបានមេដាយ ចំនួន២៨គ្រឿង ក្នុងនោះមាន មេដាយមាស៧គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង ដោយបានបំបែកឯកត្តកម្មចាស់ នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាពិការភាព នៅប្រទេសមួយចំនួននាពេលកន្លងមករួចស្រេចទៅហើយ៕