(ភ្នំពេញ)៖ លោក កៀង ល័ក្ស អនុប្រធានគណៈឃោសនាអប់រំប្រតិកម្មរហ័សរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិក សមាជិកា សមាគមកង់បី និងបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន២,១៣៣នាក់។

ក្នុងនោះ រួមមាន៖

* សមាគម សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព សរុបចំនួន១,២៨៨ប័ណ្ណ
* សមាគម អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព សរុបចំនួន២០៦ប័ណ្ណ
* ធីម១១១ សរុបចំនួន២៦៩ប័ណ្ណ
* ធីម១១២ សរុបចំនួន៣៧០ប័ណ្ណ។

ថ្លែងក្នុងឱកាសនោះ លោក កៀង ល័ក្ស បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ប្រជាជន។ គណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សបានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

លោកបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជន្នះជាប្រវត្តិសាស្រ្តនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ធ្វើឲ្យប្រជាជាតិបានរស់រានមានជីវិតឡើងវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម។ គណបក្សបានការពារការរស់ឡើងវិញរបស់ប្រជាជន ដោយទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបាន។ លើសពីនេះ បានស្តារ និងកសាងសង្គម-សេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ឲ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌។

លោក កៀង ល័ក្ស បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានរំដោះអាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏សាហាវ នៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាវិបត្តិសកល អនុវត្តវិធានការរដ្ឋបាល បិទខ្ទប់ ស្វែងរកវ៉ាក់សាំងគ្រប់ទិសទីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ «អភិក្រមផ្ការីក» ឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ និងបើកសេដ្ឋកិច្ចប្រទេសដំណើការជាប្រក្រតីភាពឡើងវិញ។ ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទូទាំងប្រទេស ដោយមិនទុកនរណាម្នាក់ស្លាប់ដោយដាច់បាយ។

លោកបានអំពាវនាវដល់ សូមសមាជិក សមាជិកា ទាំងអស់ចូលរួមគៀរគរញាតិមិត្តបងប្អូន ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាព ឆ្នាំ២០២៣ នៅពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឲ្យសម្តេចដូចបោះឆ្នោតឲ្យខ្លួនឯង «សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក» ដើម្បីបន្តដឹកនាំប្រទេសទៅរកមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ សមាជិក សមាជិកាមានការសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៏ «សន្តិភាព» អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមកាប់សម្លាប់រង្គាលពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាំកម្ពុជាមានសុខសន្តិភាព សិ្ថរភាព ឯកភាពជាតិ ឯករាជ្យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សមាជិក សមាជិកា សូមថ្លែងអំណរអរគុណដល់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែលមានជីវភាពខ្វះខាត ឧបត្ថម្ភគាំពារទាំងផ្នែកសុខុមាលភាព ថវិកា និងគ្រឿងឧបភោគបរិភោគ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ សមាជិក សមាជិកាទាំងអស់ បានប្ដេជ្ញាបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោជាប្រធាន ដើម្បីដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍៕