(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមវិទ្យុ FM ទូទាំង២៥រាជធានី/ខេត្ត ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

គួរជម្រាបថា គ.ជ.ប បានរៀបចំកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់សាធារណជនក្នុងសង្គមប្រជាធិបតេយ្យឱ្យបានទូលំទូលាយ និងជំរុញការចូលរួមពីគ្រប់ស្រទាប់មហាជន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

គ.ជ.ប បានបញ្ជាក់ថា កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ គណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់១ម៉ោងក្នុង១ថ្ងៃ សម្រាប់រយៈពេល៦០ថ្ងៃ តាមវិទ្យុ FM ទូទាំង២៥រាជធានី/ខេត្ត។

បើតាម គ.ជ.ប កម្មវិធីនេះដែរគឺជាការបើកឱកាសដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀតចូលរួមស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕