(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខា សាលាស្តីពី «ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ» សហការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពីតំណាង UNDESA លោក និងលោកស្រី ជាថា្នក់ដឹកនាំនិងមន្ត្រីជំនាញទទួលបន្ទុកការងារបរិវត្តកម្មឌីជីថល មកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោក ជូវ៉ាង ជូ តំណាង UNDESA មានប្រសាសន៍អំពីការរីកចម្រើននៃវិស័យឌីជីថលរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ជាពិសេស ទិន្នន័យគឺជាស្នូល នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងជាធនធានដ៏សំខាន់របស់រដ្ឋាភិបាល ហើយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំគោលនយោបាយ។

នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងពីបច្ច័យវិជ្ជមាន នៃបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថល ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ វិស័យឌីជីថល ជាប្រភពនៃកំណើនថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែងកម្ពុជា នៅក្នុងតំបន់ និងពិភពលោក ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

រាជរដ្ឋាភិបាលបានដាក់ចេញ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយចក្ខុវិស័យ «កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ជំរុញការទទួលយកនិងបរិត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី» និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងយុទ្ធសាស្រ្តនិងសកម្មភាពអាទិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដោយកំណត់អាទិភាព ក្នុងការរៀបចំគោលនយោបាយក្លោដអាទិភាព គោលនយោបាយទិន្នន័យបើកចំហ ច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល និងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលជាដើម។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិដើម្បីដាក់ចេញគោលការណ៍និងស្តង់ដានិម្មាបនកម្មទិន្នន័យ យន្តការ និងក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការកែប្រែ ការចែករំលែក និងការការពារទិន្នន័យ។ លោករដ្ឋមន្ត្រីបានស្នើគ្រប់ភាគីពាក់ព័ន្ធ ចូលរួមពិភាក្សា ផ្តល់ធាតុចូល និងកំណត់ទិសដៅ ក្នុងការកសាងក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ ឲ្យបានល្អប្រសើរ៕