(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាមានគម្រោងសិក្សា និងអភិរក្ស​ផ្លូវបុរាណចាប់ពីមុខភ្នំបាខែងទៅតំបន់រលួស នៃស្រុកប្រាសាទបាគង ពោលគឺពីអតីតរាជធានីយសោធរបុរៈទៅអតីតរាជធានីហរិហរាល័យ។

ដើម្បីអនុវត្តគម្រោងនេះបាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំ​ដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន ដើម្បីអនុវត្តលើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណចាប់ពីមុខភ្នំបាខែងរហូតដល់តំបន់រលួស។

អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរទៅតំបន់រលួស ក៏ដូចជាជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕