(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅតាមបណ្តាឃុំទូទាំងប្រទេស ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដែលមានវិសាលភាពធំធេង និងជាវិស័យស្នូលសម្រាប់ទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ដ្បិតកម្រិតអត្រាកសិកម្មទាប ក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ ដូចគ្នានឹងប្រទេសជឿនលឿន លើពិភពលោកដែរ វិស័យកសិកម្មមានចំណែកក្នុងសេដ្ឋកិច្ចជាតិកម្រិតទាប តែគេអាចទ្រទ្រង់ការហូបចុក របស់ប្រជាពលរដ្ឋ និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។

សម្តេចបន្ថែបន្តថា សម្រាប់ការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំ ក្រសួងកសិកម្មបានចាប់ផ្តើមអនុវត្តន៍ជាគំរូ នៅក្នុងឃុំមួយចំនួន ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយការពង្រាងមន្ត្រីជំនាញកសិកម្មនេះទៀតសោធ ត្រូវពង្រាយតាមតំបន់ឲ្យត្រូវនឹងជំនាញរបស់មន្ត្រីទាំងនោះ។ បានសេចក្តីថា តំបន់ដែលមានប្រជាជនចិញ្ចឹមត្រី ត្រូវដាក់មន្ត្រីជំនាញផ្នែកវារីវប្បកម្ម ហើយបើតំបន់ដាំដុះស្រូវ ត្រូវដាក់មន្ត្រីជំនាញដែលពាក់ព័ន្ធនឹងដំណាំស្រូវ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានណែនាំនៅពេលប្រជុំគណបក្សថា ឲ្យយកចិត្តទុកដាក់ ទៅលើបញ្ហាការរស់នៅរបស់អ្នកទាំងនោះ [មន្ត្រីកសិកម្មពង្រាយតាមឃុំ] បូកជាមួយនឹងការគួបផ្សំកម្លាំងឲ្យបានធំ បើសិនយើងដាក់ដាច់ដោយឡែកៗ មួយឃុំម្នាក់ៗ ហើយធ្វើការដាច់ដោយឡែកពីគ្នា ខ្វះការសហការគ្នា យើងឃើញថាមនុស្សនេះតិចណាស់ ប៉ុន្តែឧទាហរណ៍ថា ស្រុកមួយមាន១០ឃុំ យើងពង្រាយមួយឃុំម្នាក់ៗ តែនៅពេលមានបញ្ហាពួកគេប្រមូលផ្តុំគ្នាភ្លាម កើតចេញជា១០នាក់ ហើយបើសិនជាខេត្តមួយមាន១០ស្រុក ពួកគេមាន១០០នាក់ សម្រាប់ធ្វើជាសេនាធិការឲ្យថ្នាក់ដឹកនាំខេត្ត ឲ្យមន្ទីរកសិកម្មខេត្ត និយាយរួមរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានអ្នកបច្ចេកទេសក្នុងដៃ ដូច្នេះយើងអត់ខ្លាចជាមួយនឹងការចំណាយ សម្រាប់មន្ត្រីបច្ចេកទេសរបស់យើង ដែលត្រូវបញ្ជូនទៅតាមឃុំនោះទេ [...] ចំណុចនេះ ដើម្បីយើងពន្លឿននៃការជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា»

សូមជម្រាបថា វិស័យកសិកម្ម បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។

ក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំ សម្រេចបានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយមានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និង ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។

ចំពោះការនាំចេញជាផ្លូវការ នូវផលិតផលកសិកម្ម ដោយសម្រេចបានលទ្ធផលសរុបជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦ លានតោនទៅ កាន់ទិសដៅ ៧៤ ប្រទេសកើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិផលក្រៅពីស្រូវ អង្ករសម្រេចបាន ៥.៧៨ លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ ២០២១(៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុក៕