(អង់គ្លេស)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង។

កិច្ចពិភាក្សាលើប្រធានបទដ៏សំខាន់មួយនេះគឺធ្វើឡើងនៅអំឡុងពេលវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក អ៉ិត សំហេង តំណាងភាគីកម្ពុជា ទទួលបានការអញ្ជើញពីសំណាក់លោកស្រី Baroness Barran រដ្ឋមន្ត្រីគ្រឹះស្ថានអប់រំ និងមូលនិធិសិស្ស នៃចក្រភពអង់គ្លេស។

កិច្ចពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ត្រូវបានចាត់ទុកជាប្រធានបទដ៏សំខាន់មួយក្នុងវេទិកាអប់រំពិភពលោកលើកទី១៩ ហើយក៏ជាបញ្ហាសកលដ៏ធំមួយដែរនាពេលបច្ចុប្បន្ននេះ។

នាឱកាសនោះ លោក អ៉ិត សំហេង បានពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រី Baroness Barran ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលជំនាញ ដែលសុទ្ធសឹងជាបុគ្គលសំខាន់ក្នុងការដឹកនាំកិច្ចពិភាក្សាខាងលើនេះ ព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត ដោយផ្តោតលើតួនាទីជាមូលដ្ឋាននៃការអប់រំ និងបណ្តុះបណ្តាលជំនាញ ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល។

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលជំនាញចក្រភពអង់គ្លេស បានចែករំលែកបទពិសោធន៍ គោលនយោបាយ/ផែនការយុទ្ធសាស្រ្ត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលដែលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីឈានទៅដល់ការការអប់រំបៃតងសម្រាប់ទាំងអស់គ្នា។

លោកស្រីរដ្ឋមន្ត្រី Baroness Barran និងរដ្ឋមន្ត្រីអប់រំនិងបណ្តុះបណ្តាលជំនាញ បានប្តេជ្ញានិងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការគាំទ្រលើកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យឆ្លើយតបទៅនឹងប្រែប្រួលអាកាសធាតុជាសកល និងការអបរំបៃតង។

សូមជម្រាបថា មូលបទ «ការអប់រំបៃតង» គឺបានន័យថា ពិភពលោក តាមរយៈវេទិកាអប់រំពិភពលោកលើកទី១៩ បានផ្តោតលើការបញ្ជ្រាបនូវគោលគំនិត៤ចំណុចសំខាន់ៗ៖ ១-ជំរុញឱ្យគ្រឹះស្ថានអប់រំ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយសម្ភារដែលប៉ះពាល់ខ្លាំងដល់អាកាសធាតុ។ ២-ជំរុញឱ្យរៀបចំកម្មវិធីសិក្សា និងអនុវត្តតាមកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាកម្មវិធីសិក្សាដែលជួយទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់អាកាសធាតុ។ ៣-ជំរុញលើកទឹកចិត្តដល់គ្រូពង្រឹងនិងពង្រីកការបង្រៀន ការអប់រំបណ្ដុះបណ្ដាលនូវកម្មវិធីសិក្សាដែលការពារបរិស្ថាន លើកស្ទួយភាពបៃតង ធ្វើយ៉ាងណាបញ្ជ្រាបទៅដល់សិស្សានុសិស្សនិងនិស្សិឱ្យបានកាន់តែច្រើន។ និង៤-លើកស្ទួយឱ្យសហគមន៍នីមួយៗបង្កើនការគិតគូរដល់ផ្នែកបរិស្ថាន តាមរយៈការសន្សំសំចៃអគ្គិសនី និងទប់ស្កាត់ការបំពុលបរិស្ថានជាដើម៕