(ភ្នំពេញ)៖ មេធាវីតំណាងឱ្យអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសេចក្តីប្រកាសនីត្យានុកូល ដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ទឹកស្អាត របស់អង្គភាពរដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ ជួយផ្តល់ព័ត៌មាន និងជួយផ្តល់កិច្ចសហការណ៍ជាមួយអង្គភាព​​ ដោយសារកាលពីពេលថ្មីៗនេះ មានក្រុមជនល្មើសមួយចំនួនបានលួចកាត់ផ្តាច់នាឡិកាទឹករបស់អតិថិជន ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អតិថិជន និងអង្គភាពរដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសនីត្យានុកូល របស់លោក ពុធ ធាវី សមាជិកគណៈមេធាវីកម្ពុជា ​មេធាវីតំណាងឱ្យអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ។

យោងតាមលិខិតមេធាវី ពុធ ធាវី ​ក្នុងរយៈពេលកន្លងមក និងក្នុងពេលថ្មីៗនេះ មានក្រុមជនល្មើសមួយចំនួន បានលួចកាត់ផ្តាច់នាឡិកាទឹករបស់អតិថិជន ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អតិថិជន និងអង្គភាពរដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ។

ដើម្បីការពារ និងទប់ស្កាត់នូវអំពើល្មើសខាងលើ លោកបានប្រកាសដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ ផ្តល់ព័ត៌មាន និងជួយផ្តល់កិច្ចសហការណ៍ជាមួយអង្គភាព ដើម្បីទប់ស្កាត់នូវបទល្មើសចៀងវាងការប៉ះពាល់ដល់ផលប្រយោជន៍អតិថិជន និងអង្គភាព៕