(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសឱ្យ លោក គង់ ម៉ាស់ អតីតសមាជិកគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តស្វាយរៀង បន្ទាប់ពីបានសរសេរលិខិតសុំទោស និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជំរាបថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ សកម្មជនក្រុមប្រឆាំងចំនួន១០នាក់​ ដែលកំពុងជាប់នៅក្នុងពន្ធនាគារ បានចេញមកសារភាពកំហុស ភ្ញាក់រលឹក ហើយបានចេញវិដេអូ និងធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសំណូមពរឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន។

សកម្មជនក្រុមប្រឆាំងទាំង១០នាក់នោះ​ រួមមានដូចជា៖ លោក គង់ ម៉ាស់, លោក វ៉ន សាវណ្ណ, លោក ធុយ វី, លោក ឆុន​ ប៊ុនឆាត, លោក ឧ រឹម, លោក ចាន់ សារ៉ាត់, លោក ណុប វ៉ុន, លោក ប៉េង សុខា, លោក វ៉ន ឡេង និងលោក សាន សៅរី ជាដើម។

សកម្មជនក្រុមប្រឆាំងទាំង១០នាក់ទាំងនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀត ជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ លោក សម រង្ស៉ី និងបក្ខពួក។