(ភ្នំពេញ)៖ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ ក្នុងគោលបំណងដើម្បីពិនិត្យមើលនូវលទ្ធផលការងារកន្លងមក និងទិសដៅអនុវត្តបន្ត ដែលមានក្នុងកម្មវិធីដូចដែលបានគ្រោងទុក ក្នុងផែនការប្រចាំឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះ ត្រូវបានដាក់ចេញនូវរបៀបវារៈសំខាន់ៗ ចំនួន៤ រួមមាន៖

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាអាណត្តិទី៣
*ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៣
*ទី៣៖ ពិនិត្យ និងអនុម័តការបែងចែករង្វាន់លើកទឹកចិត្ត ប្រចាំខែមេសា ឆ្នាំ២០២៣
*ទី៤៖ ពិនិត្យ និងអនុម័តពិន្ទុសូចនាករ សេវាសង្គម ខណ្ឌ៧មករា
*ទី៥៖ បញ្ហាផ្សេងៗ។

ក្រោយកិច្ចពិភាក្សាបានបញ្ចប់ អង្គប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ បានសម្រេចអនុម័តជាឯកឆ័ន្ទលើរបៀបវារៈទាំង៤ខាងលើ ដោយសន្យាយកទៅអនុវត្តតាមឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅទទួលបានជោគជ័យលើគម្រោងផែនការការងារឆ្នាំ២០២៣នេះ៕