(ភ្នំពេញ)៖ ចក្រភពអង់គ្លេសបានបញ្ជាក់ជំហរថានៅតែផ្ដល់ប្រពន្ធអនុគ្រោះពន្ធថ្មី (DCTS) ដល់ប្រទេសកម្ពុជា សម្រាប់ការនាំចូលផលិតផលកាត់ដេរ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួនទៀតទៅកាន់ប្រទេសខ្លួន។

ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងការងារ។

ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ។

លោកឯកអគ្គរាជទូតបន្តថា «ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS»។

តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។

គួរជម្រាបថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង៩៧៧លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេស គឺសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ។

ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូតបានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការបណ្តុះបណ្តាល TVET បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជាអាចបង្កើតបណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

លោកឯកអគ្គរាជទូតមានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា។ លោករដ្ឋមន្ត្រីក៏បានឆ្លើយតបវិញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចផ្តល់បណ្ណការងារ និងកូតាសម្រាប់បុគ្គលិកជនជាតិអង់គ្លេសដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ក្រសួងក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។

លោកឯកអគ្គរាជទូត បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំនាញផ្នែកនេះ។

មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខដើម្បីជម្រុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ៕