(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូឡើងការពារសេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។

ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ លោក គង់ សារាជ សមាជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បាន​ជម្រាប​អង្គប្រជុំថា គណៈកម្មការទី៩ នៃព្រឹទ្ធសភាបានពិនិត្យយ៉ាងល្អិតល្អន់​លើ​អត្ថបទ​សេចក្តី​ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ​កិច្ចព្រមព្រៀងស្តីពី​ពា​ណិជ្ជ​កម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម។

លោកបន្តថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។ គណៈកម្មការទី៩ បាន​ឯក​ភាព​ទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើសេចក្តី​ព្រាង​ច្បាប់ខាងលើ។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវ​គោល​បំណង ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រម​ព្រៀង​ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

លោករដ្ឋមន្ត្រី ក៏បានឆ្លើយបំភ្លឺចំពោះសំណួរនានារបស់សមាជិក សមាជិកា គណៈកម្មការទី៩នៃព្រឹទ្ធសភាពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំពឹងទុកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័​ត​យល់ព្រម​លើកិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត​ក្នុង​ការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជ​កម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ​ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន​កម្ពុជា រស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។

ជាពិសេសកិច្ចព្រមព្រៀង​នេះ​នឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់​ពា​ណិជ្ជកម្ម​តាម​ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។ ជាលទ្ធផល​អង្គ​ប្រជុំបាន​ឯកភាព និងគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារ ​នៃសេចក្តី​ព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ ពិនិត្យ និងអនុម័ត៕