(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចូលរួមអមដោយលោក តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងតំណាងអគ្គនាយកដ្ឋានជំនាញមួយចំនួន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក TAKAHASHI Fumiaki អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងជាប្រធានសមាគម (JCA) នៅទីស្តីការក្រសួង។

គោលបំណងចម្បងរបស់ JCA ក្នុងកិច្ចពិភាក្សានេះ គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទទួលបន្ទុក ជាពិសេសស្វែងរកឱកាសវិនិយោគសម្រាប់វិនិយោគិនជប៉ុន និងជម្រាបអំពីការត្រៀមរៀបចំទិវាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បានលើកឡើងនូវវិស័យសំខាន់ៗ ដែលក្រសួងទទួលបន្ទុកដូចជា វិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម មាត្រាសាស្រ្ត ស្តង់ដារ ទឹកស្អាត វាយតម្លៃទទួលស្គាល់ ប្រកាសនីយបត្រតក្កកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាវិស័យថ្មីបង្កើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនោះដែរគណៈប្រតិភូ JCA បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

* ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ក្នុងគោលបំណងដើម្បីស្វែងយល់ និងសិក្សាពីឱកាសវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា)
* គម្រោង Cambodian Golden Silk ដែលអនុវត្តដោយក្រុមហ៊ុន iL BRiLLE គាំទ្រដោយ JICA ដែលប្រើប្រាស់សូត្រមាសរបស់កម្ពុជាជាវត្ថុធាតុដើមក្នុងការផលិតគ្រឿងសំអាង
* ផ្នែកសំខាន់ នៃនវានុវត្តន៍របស់កម្ពុជា ដូចជាគម្រោងបង្កើត Science Parks SME Clusters និងការរៀបចំបង្កើតមជ្ឈមណ្ឌលជាតិផ្ទេរបច្ចេកវិទ្យា
* ក្រុមហ៊ុន E-Bike របស់ជប៉ុនមួយបានបង្ហាញចំណាប់អារម្មណ៍លើកម្ពុជា ដោយគ្រោងនឹងធ្វើបទបង្ហាញជូនក្នុងពេលឆាប់ៗខាងមុខ
* ក្រុមហ៊ុនតម្លើងរថយន្តអគ្គិសនី (EV) និងទីតាំងសម្រាប់បញ្ចូលភ្លើងរហ័សចល័ត (Fast Charger) និងតាមបណ្តាហាងកាហ្វេ ។ល។

លោកបណ្ឌិត ហេង សុខគង់ និងតំណាងអគ្គនាយកដ្ឋានជំនាញ បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

* ម្ចាស់រោងចក្រកម្ពុជាមួយចំនួនមានបំណងចង់ទិញម៉ាស៊ីន ឬបង្កើនផលិតភាពដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន សម្រាប់ការផលិត ប៉ុន្តែជួបការលំបាកក្នុងបែបបទនីតិវិធីទិញលក់ និងការទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ជប៉ុន (លោក TAKAHASHI Fumiaki បានឆ្លើយតបថា JCA អាចជួយសម្របសម្រួលទំនាក់ទំនងទៅកាន់សមាគមធុរកិច្ចដែលពាក់ព័ន្ធ)
* ការលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុនពិនិត្យលើលទ្ធភាពវិនិយោគលើរោងចក្រផលិតទឹកស្អាត រោងចក្រផលិតគ្រាប់ស្វាយចន្ទី និងរោងចក្រផលិតកង់
* ការលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុនពិនិត្យលើលទ្ធភាពវិនិយោគលើ Robot បញ្ញាសិប្បនិម្មិត យានយន្តអគ្គិសនី synthetic e-fuel ហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង Science Park ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរៀបចំ។

ក្នុងនោះដែរ កម្ពុជាគឺជាប្រទេសមួយឈានមុខក្នុងតំបន់ក្នុងការធានា និងការពារដល់ស្នាដៃបង្កើតថ្មី និងតក្កកម្មរបស់វិនិយោគិនដោយមិនមានការព្រួយបារម្ភក្រោមគំនិតផ្តួចផ្តើមរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលបានចុះអនុស្សរណៈ នៃការយោគយល់ជាមួយបណ្តាស្ថាប័នប្រកាសនីយបត្រតក្កកម្មធំៗ ក្នុងលោក ដូចជា JPO របស់ជប៉ុន USPTO របស់សហរដ្ឋអាមេរិក CNIPA របស់ចិន KIPO របស់កូរ៉េខាងត្បូង EPO របស់សហគមអឺរ៉ុប និង IPOS របស់សឹង្ហបុរី។

* ការពង្រឹងទំនាក់ទំនងលើវិស័យទទួលបន្ទុកជាមួយភាគីជប៉ុន តាមរយៈការបង្កើតតំណាងស្ថានទូតជប៉ុន ដែលទទួលបន្ទុកផ្នែកឧស្សាហកម្ និងពាណិជ្ជកម្ម (លោក TAKAHASHI Fumiaki បានឆ្លើយតបថា លោកនឹងជម្រាបជូនទៅឯកអគ្គរាជទូតជប៉ុននៅកម្ពុជា)។

ក្រោយពីបានពិភាក្សាគ្នាប្រកបដោយភាតរភាពមក ភាគីជប៉ុនបានចាប់អារម្មណ៍លើគម្រោងមួយចំនួន ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ព្រមទាំងលើកទឹកចិត្ដឲ្យវិនិយោគិនជប៉ុនមកបន្តធ្វើការសិក្សាលើ៖

*ទី១៖ វិស័យទឹកស្អាត (ដោយវិនិយោគិនជប៉ុន)
*ទី២៖ រោងចក្រផលិតកង់
*ទី៣៖ រោងចក្រផលិតគ្រាប់ស្វាយចន្ទី
*ទី៤៖ STI Park
*ទី៥៖ SMEs Cluster
*ទី៦៖ រោងចក្រតម្លើងរថយន្តអគ្គិសនី និងស្ថានីយ៍បញ្ចូលអគ្គិសនីរហ័ស (Fast Charger for EV) ចល័ត និងតាមហាងកាហ្វេ ។ល។
*ទី៧៖ Cambodian Golden Silk Project ដែលបច្ចុប្បន្នគាត់បានផលិតនៅកម្ពុជារួចហើយ។

លោក TAKAHASHI Fumiaki បានលើកឡើងថា គណៈប្រតិភូវិនិយោគជប៉ុននឹងមកកម្ពុជា លើកទី៣ ម្តងទៀត នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនាំមកនូវវិនិយោគជប៉ុនឲ្យចំគោលដៅដើម្បីមកសិក្សាលើគម្រោងដែលបានលើកឡើងខាងលើ។

លោកបណ្ឌិត ហេង សុខគង់ ក៏បានជូនពរដល់ការស្នាក់នៅរបស់ភាគីជប៉ុនប្រកបដោយភាពរីករាយ និងទទួលបានជោគជ័យខ្ពស់ ក្នុងដំណើរបេសកកម្មនៅកម្ពុជា ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលវិនិយោគិនជប៉ុន និងផ្តល់កិច្ចសហការល្អជាមួយភាគីជប៉ុន៕