(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅមុននេះបន្តិច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ការត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែន បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សកម្មជនក្រុមប្រឆាំង លោក ហ៊ុន កុសល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈ Video ខ្លីមួយ លោកបានប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន កុសល បានបញ្ជាក់យ៉ាងដូច្នេះថា «កូនសូមប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេចពុក និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រជាក់ត្រជុំរបស់សម្ដេច។ គុណដ៏ធំធេងរបស់សម្ដេចពុក គឺជាគុណដែលកូនមិនអាចបំភ្លេចបានពេញ ១ជីវិតនេះ។ ដើម្បីជាការតបស្នងសងគុណចំពោះសម្ដេចពុក កូនសូមប្តេជ្ញាចិត្ត ភក្តីភាព ស្មោះត្រង់ ជាមួយសម្ដេច ដើម្បីចូលរួមកសាងនិងស្ថាបនា របស់ប្រទេសយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចពុក ដែលនាំនាវាកម្ពុជាពីភ្លើងសង្គ្រាមមកសន្តិភាព»

លោក ហ៊ុន កុសល ក៏បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ក្តីមេត្តារបស់សម្តេចតេជោ ឲ្យខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន។ លោកក៏បានប្ដេជ្ញាចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

បើតាម លោក ហ៊ុន កុសល ក្រោយជាប់ពន្ធនាគារ ៣១ថ្ងៃ លោកបានពិចារណាយ៉ាងល្អិតល្អន់ ចំពោះមាគ៌ានយោបាយប្រកបដោយមេត្តា និងមនោសញ្ចេតនាចំពោះប្រជាពលរដ្ឋខ្មែរ ជាហេតុធ្វើឲ្យលោកសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា ចេស្តានិងបារមីរបស់សម្ដេចតេជោ គឺជាតម្លៃមិនអាចបំភ្លេចបាន។

សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃដដែល បានប្រកាសស្វាគមន៍ លោក ហ៊ុន កុសល ដែលស្នើសូម ចុះចូលគណបក្សប្រជាជនកម្ពុជា។ តាមរយៈបណ្តាញសង្គម Telegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ទទួលយកលោក ហ៊ុន កុសល ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»

សូមជម្រាបដែរថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានសម្រេចអនុញ្ញាតឱ្យ លោក ហ៊ុន កុសល នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីឃុំខ្លួន ក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់។

លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដំណាលគ្នាជាមួយ លោក យឹម ស៊ីណន កាលពីថ្ងៃទី២១ ខែមីនា ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះសារបែបញុះញង់ ប្រមាថតាមបណ្តាញសង្គមពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ត្រូវបានតុលាការចោទប្រកាន់២បទល្មើស រួមមានបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្រោយមក លោក ហ៊ុន កុសល ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីលោក បានចេញវីដេអូសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំខមាទោសពីសម្តេចតេជោ ហ៊ុន សែន។

ការសម្រេចឱ្យ លោក ហ៊ុន កុសល នៅក្រៅឃុំនេះ ក៏បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យឹម ស៊ីណន និងគ្រួសារ ចូលជួបសម្តេច នៅគេហដ្ឋាន នាក្រុងតាខ្មៅផងដែរ ក្រោយមានសំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលជួបនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាព Fresh News ជាអ្នកដឹកនាំ និងសម្របសម្រួល លោក ហ៊ុន កុសល ទៅជួបសម្តេចផងដែរ។

នៅមុនការអនុញ្ញាតឱ្យចូលជួបនេះ លោក យឹម ស៊ីណន ក៏បានបង្ហាញអារម្មណ៍ចង់ស្នើឱ្យ លោក ហ៊ុន កុសល ដែលជាមិត្តសម្លាញ់នឹងគ្នា អាចរស់នៅក្រៅឃុំជា​បណ្តោះអាសន្នដូចលោក។

បន្ទាប់មក នៅល្ងាចថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការ​គួរ​សម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោក ចូលរួមជីវភាពនយោ​បាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន កុសល ក៏ត្រូវបានលោក លឹម ជាវុត្ថា សម្របសម្រួល និងនាំទៅជួបសម្តេចតេជោដោយផ្ទាល់នៅគេហ​ដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន គឺជាមនុស្សជំនិតរបស់ លោក កឹម សុខា។ អ្នកទាំងពីរ ធ្លាប់ចេញមុខការងារ លោក កឹម សុខា នឹងតតាំងជាមួយ លោក សម រង្ស៉ី​ ក្នុងពេលដែលអតីតមេដឹកនាំក្រុមប្រឆាំងទាំងពីរ វាយប្រហារគ្នា ក្រោយរំលាយគណបក្សសង្គ្រោះជាតិ នាពេលកន្លងទៅ។

ក្រោយសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក យឹម ស៉ីណន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕