(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម។

សម្តេចតេជោ ថ្លែងបែបនេះនៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ ពេលអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន ប្រជាពល រដ្ឋកម្ពុជាទូទាំងប្រទេស។ រាជរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តណែនាំឱ្យផលិតផលកែច្នៃបានក្នុងស្រុកទៅផ្គត់ផ្គង់តាមដល់អ្នកទេសចរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោង ហិរញ្ញប្បទានធំ ២ គឺ ១). គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និង ២). គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ នេះ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង៤០០លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ០៨៥ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិសម្រាប់លើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ។ ចំពោះវិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕