(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋសម្អាតអនាម័យតាមដងផ្លូវសំខាន់ៗដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងបានលុងត្រៀមសង្ក្រាន្តនៅថ្ងៃស្អែក។

រដ្ឋបាលខេត្តរតនគិរីបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលជិតដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរី រយៈពេល៧ថ្ងៃក្នុងបរិវេណមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តស្ថិតក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុង។ នេះគឺជាទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបធ្វើឡើងក្នុងគោលបំណងអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសល្អសម្រាប់ជួបជុំក្រុមគ្រួសារ និងញ្ញាតមិត្តជិតឆ្ងាយ។

លោកថា ព្រឹត្តិការណ៍នេះក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ការតាំងពិព័ណ៍ បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក និងការបង្ហោះគោម ដើម្បីបង្កបរិយាកាសសប្បាយរីករាយ។ ដោយឡែក តាមមន្ទីរអង្គភាពជុំវិញខេត្ត ដងផ្លូវសាធារណៈបានរៀបចំតុបតែងលម្អដាក់អំពូលភ្លើងចម្រុះពណ៌ត្រៀមរួចរាល់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃដដែលនេះថា ដើម្បីពង្រឹងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» បម្រើប្រាស់កម្លាំងអាវុធហត្ថខេត្តជាង ២០នាក់ សហការជាមួយកម្លាំងពាក់ព័ន្ធដទៃទៀត៕