(ភ្នំពេញ)៖ សមយុទ្ធនាគមាសលើកទី៥ រវាងកងទ័ពកម្ពុជា និងចិន បិទបញ្ចប់នៅ​ថ្ងៃ​ទី០៥ ខែមេសា​ ឆ្នាំ២០២៣នេះ។ ពិធីបិទសមយុទ្ធនាគមាស​នេះ ប្រព្រឹត្តទៅ​ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ និងលោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជា​ការ​តំបន់​ភូមិភាគខាង​ត្បូង​នៃ​កងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ​ប្រជា​ជន​ចិន បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ សមយុទ្ធនាគមាស ឆ្នាំ២០២៣​នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការ​ជួយ​សង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។ សមយុទ្ធធ្វើឡើងនៅមជ្ឃ​មណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមយុទ្ធនាគមាសលើកទី៥នេះ រៀបចំធ្វើឡើង ដើម្បីផ្លាស់ប្តូរបទពិសោធគ្នា​ទៅវិញ​ទៅ​មក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង​គំរាមកំហែង​ដល់នរណា ឬប្រទេសណាឡើយ។

សមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ព​ចិន​​មានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មក​ហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការ​លើក​កម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល​ចំណេះ​ដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការ ងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងលើកដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់រួមមានឆ្នាំ២០១៨, ២០១៩ និងឆ្នាំ២០២០៕