(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានផ្ញើសារលិខិតអបអរទិវាជាតិលេីកកម្ពស់ការប្រេីប្រាស់ផលិតផលខ្មែរ លេីកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតខ្មែរ គឺបង្កេីតការងារជូនពលរដ្ឋខ្មែរ» និងបានផ្តល់អនុសាសន៍ចំនួន ៤ចំណុច ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព។

អនុសាសន៍ទាំង៤ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ទាំង៤ចំណុចរួមមាន៖

ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានាដែលមានលក្ខណៈសមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្មកែច្នៃជាចំណីអាហារ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។

ទី២៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង។

ទី៣៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។

និងទី៤៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួនទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការរបស់ទីផ្សារ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖