(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដង្កោដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះបានជួប ពិភាក្សាគ្នាជាមួយ តំណាងអង្គការចំនួន៤ គឺអង្គការសិទ្ធិលំនៅដ្ឋាន អង្គការសមធម៌កម្ពុជា អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍និងមាន អ្នកសម្របសម្រួលមកពី អង្គការសហប្រជាជាតិ ដោយលើកយកបញ្ហាដែលប្រជាពលរដ្ឋចំនួន៣គ្រួសារ បច្ចុប្បន្នកំពុងតវ៉ាចង់យកដី រដ្ឋស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

កិច្ចពិភាក្សានេះក៏មានការចូលរួមពីសំណាក់លោកអធិការរង និងមេបញ្ជាការរងខណ្ឌដង្កោ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចពិភាក្សាគ្នាខាងលើនេះ ខាងតំណាងអង្គការទាំង៤ បានចោទសួរទៅអាជ្ញាធរថា តើហេតុអ្វីបានជាអាជ្ញាធរខណ្ឌដង្កោ មិនព្រមដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរស់នៅលើកដីទំនប់វារីវប្បកម្ម? ហេតុអ្វីបានបណ្តោយឲ្យបញ្ហា មួយនេះអូសបន្លាយយូរម្ល៉េះ?

ឆ្លើយតបនឹងការចោទសួររបស់តំណាងអង្គការទាំង៤ខាងលើ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ តំណាងឲ្យអភិបាលខណ្ឌ លោក នុត ពុធដារ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា «មិនមែនអាជ្ញាធរមិនដោះស្រាយ ជូនពួកគាត់ ដូចការលើកឡើងនោះទេគឺ អាជ្ញាធរបានរិះរក គ្រប់មធ្យោបាយ ហើយដើម្បីសម្របសម្រួលដោះស្រាយ ជូនប្រជាពលរដ្ឋទាំង៣គ្រួសារប៉ុន្តែរាល់ដំណោះស្រាយ របស់អាជ្ញាធរ ត្រូវបានប្រជាពលរដ្ឋទាំង៣គ្រួសារនោះ មិនបានអនុវត្តន៍យល់ស្របតាមទេ ដោយរឹងទទឹងបន្តរស់នៅលើដី ដែលជាកម្មសិទ្ធិរបស់រដ្ឋ»

លោកអភិបាលរងបានបន្តថា ទីតាំងដែលប្រជាពលរដ្ឋ៣គ្រួសារ កំពុងស្នាក់នៅនោះជាដីទំនប់ព័ទ្ធជុំវិញអាងស្តុបទឹកបឹងទំពុននិងជាដី កម្មសិទ្ធិរបស់សាលាសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ហើយកន្លងមកប្រជាពលរដ្ឋ៣គ្រួសារខាងលើគ្មានកន្លែងរស់នៅក៏បាន មកសង់ផ្ទះតូចៗ នៅលើទំនប់វារីវប្បកម្មដើម្បីស្នាក់នៅបណ្តោះអាសន្ន។ លោកថា «រហូតមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះពួកគាត់ បានទាមទារស្នាក់សុំឲ្យអាជ្ញាធរចេញ ប័ណ្ណកម្មសិទ្ធិលើដីរដ្ឋនោះទៅឲ្យពួកគាត់ ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធដោយសារទីតាំងដែល ពួកគាត់កំពុងរស់នៅជាប់ ស.ជ.ណ របស់សាលារាជធានីភ្នំពេញ ដូច្នេះអាជ្ញាធរក៏បានរកវិធីសម្របសម្រួលដោះស្រាយ ជូនពួកគាត់ដែរ តែពួកគាត់មិនព្រមនោះទេ ដោយបានដាក់ពាក្យសុំអន្តរាគមន៍គ្រប់ទីកន្លែង រហូតមានអង្គការជាច្រើន បានទាក់ទងមកអាជ្ញាធរ ខណ្ឌដង្កោ ជួបពិភាក្សាលើកបញ្ហានេះជាក់ស្តែងគឺពេលនេះតែម្តង»

លោក ប្រាជ្ញ សីហា បានស្នើទៅតំណាងអង្គការទាំង៤ ក្នុងកិច្ចពិភាក្សាថា បើមកពិភាក្សាគ្នាជាមួយអាជ្ញាធរដើម្បីរកដំណោះស្រាយ សមស្របណាមួយជូនប្រជាពលរដ្ឋ៣គ្រួសារនោះ គឺអាជ្ញាធរសហការជាមួយ ប៉ុន្តែបើមកទាមទារសុំឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាពលរដ្ឋ ៣គ្រួសារខាងលើ បន្តរស់នៅនឹងយកដីកម្មរដ្ឋធ្វើជាកម្មសិទ្ធនោះគឺអាជ្ញាធរសុំបដិសេធយ៉ាងដាច់អហង្កា។

លោកបញ្ជាក់បន្ថែមថា បើសិនប្រជាពលរដ្ឋទាំង៣គ្រួសារ មានសំណើរសុំដោយលក្ខខ័ណ្ឌណាមួយនោះ អាជ្ញាធរខណ្ឌនឹងពិចារណា មើលរួចដោះស្រាយទៅតាមលទ្ធភាព តែបើពួកគាត់នៅតែបន្តរស់នៅនឹងចង់យកដីរដ្ឋនោះ ធ្វើកម្មសិទ្ធអាជ្ញាធរខណ្ឌមិនព្រមជា ដាច់ខាត។  

លោកបន្ថែមថា អាជ្ញាធរបានជម្រាបដល់ប្រជាពលរដ្ឋទាំង៣គ្រួសារ តាំងពីឆ្នាំ២០១៥ ថាមុនហ្នឹងពួកគាត់មកចាប់ដីត្រង់ទីតាំងខាងលើ រស់នៅ សូមទៅរស់នៅកន្លែងដើមវិញទៅ កុំមករស់នៅដីដែលរដ្ឋរក្សាទុក ហើយលោកក៏បានស្នើអង្គការសង្គមស៊ីវិលសហការជាមួយ អាជ្ញាធរដើម្បីដោះស្រាយរកទីលំនៅជូនពួកគាត់ក្រៅពីទីតាំងខាងលើ៕