(កណ្ដាល)៖ បុរសម្នាក់បើករថយន្ដដឹកដី មិនប្រុងប្រយ័ត្ន ក៏បុករថយន្ដក្រឡុកស៊ីម៉ង់ត៍ពីក្រោយ ស្រាប់តែរេចង្កូតទៅបុកស្រ្ដីម្នាក់​ កំពុងដើរតាមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវខេត្តលេខ៣៨០ ស្ថិតក្នុងភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដដឹកដីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-4482 បើកបរដោយបុរសម្នាក់ឈ្មោះ អ៊ុក រិទ្ធី អាយុ៣៥ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានបុករថយន្ដបេតុងពីក្រោយ ពាក់ស្លាកលេខភ្នំពេញ5A-1075 ពេញទំហឹង ស្រាប់តែរថយន្ដដឹកដីនោះ បានរេចង្កូតទៅបុកជនរងគ្រោះម្នាក់ឈ្មោះ មួង ថន អាយុ៥៩ឆ្នាំ ដែរកំពុងតែដើរតាមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ជនបង្ក និងរថយន្ដត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕