(តិចសាស)៖ យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំរដ្ឋតិចសាស បានឲ្យដឹងថា គិតមកដល់ពេលនេះ មានមន្ត្រី​ប៉ូលិស ៥នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស នៅក្នុងករណី​ប៉ះទង្គិចគ្នារវាងក្រុមសមត្ថកិច្ច ​និង​ក្រុមអ្នកតវ៉ារឿងរើសអើងជាតិសាសន៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News ផ្សាយ Update នៅមុននេះបន្តិច។

អាជ្ញាធរបានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះប៉ូលិសកំពុងតែចរចា​ជាមួយនឹងក្រុមខ្មាន់កាំភ្លើង ដែលជា​ក្រុម​បាតុករ ព្រោះមានជនសង្ស័យម្នាក់បានប្រាប់ប៉ូលិសថា ពួកគេនឹងបំផ្ទុះគាប់បែកពេញទីក្រុង​ Dallas។ ក្នុង​ចំណោមក្រុមបាតុករទាំងនោះ មានខ្មាន់កាំភ្លើងពីរនាក់ បានប្រើប្រាស់កាំភ្លើង Snipers បាញ់មកដល់ប៉ូលិស ខណៈដែលពេលនេះ ហេតុការណ៍កំពុងតែឈានទៅរកភាពធ្ងន់ធ្ងរ​ អាចនិយាយថា វាមិនមែនជាការធ្វើបាតុកម្ម​នោះទេ ប៉ុន្តែវាជាករណី​ភេរវកម្មតែម្ដង។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចនេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលប៉ូលិសបាន​បាញ់សម្លាប់​បុរសស្បែក​ខ្មៅ​មួយរូប មានឈ្មោះថា Philando Castile វ័យ ៣២ឆ្នាំ នៅក្បែរផ្លូវ St. Paul ក្នុងរដ្ឋ Minnesota នៅថ្ងៃពុធកន្លងទៅនេះ ដែល​សកម្មភាពនៃការបាញ់សម្លាប់បុរសស្បែកខ្មៅនេះ ត្រូវបានថត និងបង្ហោះដោយ​​មិត្តស្រីគេផ្ទាល់ទៅកាន់បណ្ដាញអ៉ីនធើណេត ទើបនាំឲ្យមានការធ្វើបាតុកម្មទាក់ទងនឹងរឿងរើសអើង​ពូជសាសន៍៕