(ភ្នំពេញ)៖ បច្ចុប្បន្ននេះគេតែងបានឮការត្អូញត្អែរច្រើនពីនិស្សិតកម្ពុជាថា ពេលបញ្ចប់ការសិក្សាពិបាកស្វែងរកការងារធ្វើសមទៅតាម សមត្ថភាព និង ការចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីក្រេបជញ្ជក់ចំណេះដឹង តែសម្រាប់និស្សិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលទើបទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង កញ្ញា គី ម៉ីលិញ មិនបានយល់ ដូច្នោះឡើយ។ គី ម៉ីលិញ បានយល់ថា បើមានសមត្ថភាពច្បាស់លាស់ការងារ និង មិនខ្វះនោះទេ ខណៈសហគ្រាសធន់តូច និង  មធ្យមជាច្រើន កំពុងរីកដុះដាលនៅកម្ពុជា។

កាលពីរាត្រីថ្ងៃទី០៦ ខែកក្កដា នៅវិទ្យាស្ថានបារាំង និស្សិតកម្ពុជាទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង រួមទាំង កញ្ញា  គី ម៉ីលិញ ផងដែរ ត្រូវបានស្ថានទូតបារាំងរៀបចំពិធីអបអរសាទរជាការជូនដំណើរដល់ពួកគេមុននឹងចេញទៅសិក្សានៅប្រទេសបារាំង  នាអំឡុងខែសីហា ខាងមុខនេះ។ ពិធីអបអរសាទរជូននិស្សិតអាហារូបករណ៍នេះ ទទួលបានការអញ្ជើញចូលរួមផ្តល់កិត្តិយសដោយ  លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និងលោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។

មិនខុសពីនិស្សិតអាហារូបករណ៍ដទៃទៀត កញ្ញា គី ម៉ីលិញ ជាកូនអ្នកខេត្តបាត់ដំបង ដែលមានឪពុកឈ្មោះ គី ភានចាយ ជាអ្នកជំនួញ និង ម្តាយឈ្មោះ លីម ភិចហួ ជាមេផ្ទះនោះ បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះការទទួលបានអាហារូបករណ៍ទៅសិក្សារនៅ ប្រទេសបារាំង ដែលជាប្រទេសដ៏ល្បាញល្បី និង មានសេដ្ឋកិច្ចជឿនលឿននៅលើពិភពលោក។ ម៉ីលិញ បានបង្ហាញការំពឹងទុកថា ការ ទៅសិក្សានៅប្រទេសបារាំង មិនត្រឹមតែជួយឲ្យសមត្ថភាពចំណេះដឹងលើផ្នែកសេដ្ឋកិច្ច និង គ្រប់គ្រងរបស់កញ្ញា កាន់តែខ្លាំងនោះទេ តែ ក៏ជាឱកាសឲ្យកញ្ញា អាចទទួលបានបទពិសោធន៍ជីវិតកាន់តែច្រើនទៀតពីបរិយាកាសរស់នៅក្នុងប្រទេសបារាំង។

ក្នុងទឹកមុខញញឹមញញែម សម្តីរួសរាយ ម៉ីលិញ បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះ «ខ្ញុំសប្បាយចិត្តមែនទែន ជាឱកាសមួយ ដែល យើងអាចដឹងពីវប្បធម៌ប្រទេសផ្សេង ដូចជាប្រទេសបារាំង ហើយប្រទេសបារាំង ជាប្រទេសមួយក្នុងសហភាពអឺរ៉ុប ខ្ញុំអាចធ្វើដំណើរទៅ ប្រទេសផ្សេងៗ ហើយអាចផ្លាស់ប្តូរបទពិសោធន៍ថ្មី។ វាជាឱកាសមួយល្អម៉ែនទែន»

កញ្ញា បានបន្ថែមថា «នៅទីនេះ ប៉ាម៉ាកជួយមើលថែ ពេលទៅទីនោះ ខ្ញុំនឹងចេះឯករាជ្យ ហើយខ្ញុំនឹងរៀននូវអ្វីៗពីប្រទេសបារាំង ជាប្រ ទេសអភិវឌ្ឍន៍ អ៊ីចឹងយើងអាចរៀនពីខាងគេ ហើយអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា»

ក្នុងវ័យ ២១ឆ្នាំ កញ្ញា ម៉ីលិញ នឹងត្រូវបន្តការសិក្សានៅសាកលវិទ្យាល័យលីយ៉ុងដឺ ក្នុងប្រទេសបារាំង រយៈពេល ៤ឆ្នាំ លើផ្នែកសេដ្ឋកិច្ច  និង គ្រប់គ្រង ហើយកញ្ញានឹងផ្តោតសំខាន់លើជំនាញទីផ្សារ។ ក្រៅពីការសិក្សាដោយឥតគិតថ្លៃហើយនោះ ម៉ីលិញ នឹងទទួលបានការ ឧបត្ថម្ភថវិកាជាង ១ពាន់អឺរ៉ូបន្ថែមទៀត សម្រាប់ការចំណាយថ្លៃស្នាក់នៅ និង ការចំណាយផ្សេងៗទៀត។

កញ្ញា ម៉ីលិញ ក៏បានពន្យល់ពីការដណ្តើមបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងផងដែរ។ បើតាម ម៉ីលិញ ដើម្បីទទួលបានអា ហារូបករណ៍ទៅសិក្សានៅបារាំង គឺតម្រូវឲ្យនិស្សិតមានពិន្ទុខ្ពស់នៅក្នុងថ្នាក់ ចាប់ពីចំណាក់ថ្នាក់លេខមួយ ដល់ លេខ១០ និង ត្រូវមាន ចំណេះដឹងខ្ពស់ផ្នែកភាសាបារាំង តែសម្រាប់ ម៉ីលិញ ភាសាបារាំងមិនមែនជាបញ្ហានោះឡើយ ដោយសារនៅសាលារបស់កញ្ញាត្រូវបាន បណ្តុះបណ្តាលជាភាសាបារាំងផងដែរ។ សូមបញ្ជាក់ថា ម៉ីលិញ ជានិស្សិតមានពិន្ទុខ្ពស់លំដាប់ទី២ នៅក្នុងថ្នាក់។

បន្ទាប់ពីប្រឡងជាប់នៅក្នុងសាលាហើយ ខាងសាលាបញ្ជូនទៅសាលាបារាំងវាយតម្លៃបន្ថែមទៀត មុននឹងបញ្ជូនទៅវិនិច្ឆ័យលើឯកសារ  ផ្សេងៗទៀត ដែលជាដំណាក់កាលចុងក្រោយ។

មាននិស្សិតជាច្រើនតែងបានព្រួយបារម្ភ និង រអ៊ូរទាំពីការអត់ការងារធ្វើនៅក្រោយពេលបញ្ចប់ការសិក្សា ហើយសម្រាប់និស្សិត មានឱ កាសបានចេញទៅសិក្សានៅក្រៅប្រទេសចំណេះដឹងជ្រៅជ្រះមានខ្លះបានស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ខែ  ខ្ពស់ ដែលពួកគេគិតថាស័ក្តិសមសមត្ថភាពរបស់ពួកគេ។ សម្រាប់ ម៉ីលិញ មិនបានយល់ឃើញដូច្នោះឡើយ កញ្ញាយល់ឃើញថា កម្ពុ ជា បច្ចុប្បន្នមានការងារជាច្រើនរង់ចាំ អ្នកមានសមត្ថភាព ដូច្នេះបើមានសមត្ថភាពច្បាស់លាស់ហើយនោះ នឹងអាចរកការងារបានធ្វើ។

ម៉ីលិញ ក៏បានប្រកាសស្ពាយយកចំណេះដឹងពីប្រទេសបារាំង មកចូលរួមបម្រើការងារនៅក្នុងប្រទេសផងដែរ។ ជាកូនអ្នកជាប់សែស្រ ឡាយចិន និង ពាក់វែនតាធំៗ ម៉ីលិញ បានបញ្ជាក់ថា «ច្បាស់ណាស់បង! ចង់ចេញទៅក្រៅ ហើយនឹងត្រឡប់មកវិញ សម្រប់ជួយកម្ពុ ជា យើងហ្មង ព្រោះខ្ញុំរៀនខាងផ្នែកប្រឹក្សាយោបល់ និងទីផ្សារ ព្រោះឥឡូវហ្នឹងសហគ្រាសធន់តូច និងមធ្យម កំពុងរីកដុះដាល ហើយ ពួក គាត់ត្រូវការជំនួយមែនទែននូវការប្រឹក្សាយោបល់ពីខាងយើង ដើម្បីឲ្យអាជីវកម្មមាននិរន្តរភាពយូរអង្វែង។ ខ្ញុំទៅរៀនខាងហ្នឹង ខ្ញុំ សង្ឃឹមថា អាចជួយសហគ្រាសធន់តូច និងមធ្យម បានច្រើន ពេលសហគ្រាសធន់តូច និងមធ្យមរីកចម្រើនច្រើន ប្រទេសយើងរីក ចម្រើនដែរ»
 
កញ្ញា បានបន្ថែមថា «និយាយតាមត្រង់ទៅប្រទេសកម្ពុជា ជាអ្នកផ្តល់ឱកាសឲ្យយើងទៅរៀននៅប្រទេសបារាំង ចុះហេតុអីយើងអត់ត្រ  ឡប់មកជួយប្រទេសយើងវិញ។ ប្រាក់ខែជារឿងមួយ ប៉ុន្តែខ្ញុំគិតថា យើងមានសមត្ថភាព យើងនឹងទទួលបានប្រាក់ខែសមរម្យ ដែល យើងអាចរស់នៅបាន ហើយយើងអាចជួយប្រទេសយើងបានទៀតរិតតែល្អ។ ខ្ញុំជឿងថា ឲ្យតែមានសមត្ថភាព នឹងមានការងារមួយដ៏ល្អ»

ក្រៅពីមិនបារម្ភចំពោះការអត់ការងារធ្វើហើយនោះ និស្សិតអារូបករណ៍បារាំងរូបនេះ ក៏បានផ្តល់គន្លឹះមួយចំនួនសម្រាប់និស្សិត ដើម្បី ត្រៀមខ្លួនស្វែងរកការងារធ្វើនៅពេលបញ្ចប់ការសិក្សាផងដែរ។ ម៉ីលិញ បានលើកឡើងថា ក្នុងពេលវិសមកាល និស្សិតគួរតែស្វែងរកការ  ងារស្ម័គ្រចិត្តធ្វើ ដើម្បីដកស្រង់ពិសោធន៍សម្រាប់ខ្លួន និងពង្រឹងសមត្ថភាព ដែលអាចជួយឲ្យទីផ្សារការងារកាន់តែទូលាយសម្រាប់ខ្លួន ពេលបញ្ចប់ការសិក្សា។

«និយាយទៅបញ្ជាក់ហើយ បញ្ជាក់ទៀត គឺសមត្ថភាពផ្ទាល់ខ្លួន ធ្វើម៉េចមានសមត្ថភាពពិតប្រាកដ។ បើមានសមត្ថភាពពិតប្រាកដខ្ញុំជឿ ថា ទីផ្សារងារយើងមានច្រើន តែអ្វីដែលសំខាន់យើងមានសមត្ថភាពឲ្យគេអត់»។ ម៉ីលិញ បានបញ្ជាក់បន្ថែម។

និស្សិតដណ្តើមបានអាហារូបករណ៍បារាំង ជាកូនអ្នកខេត្តបាត់ដំបងរូបនេះ បានក្រើនរំលឹកទៅដល់កូនខ្មែរ ក៏ដូចជានិស្សិត ដទៃទៀតថា  បច្ចុប្បន្នមានប្រទេសជាច្រើនបានផ្តល់អាហារូបករណ៍សម្រាប់កម្ពុជា ដែលជាឱកាសមួយសម្រាប់និស្សិតកម្ពុជា ចាប់យកការសិក្សានៅ ក្រៅប្រទេស។ ម៉ីលិញ ថា បើអាចដណ្តើមអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ក៏ដូចជាការផ្តល់ឱកាសឲ្យខ្លួនឯង បានដើរលេង  កម្សាន្ត ដោយមិនអស់ថ្លៃ។

ជាចុងក្រោយ កញ្ញា ម៉ីលិញ បានផ្តាំផ្ញើយុវជន យុវតីខ្មែរ នៅក្នុងពេលសិក្សា គួរខិតខំសិក្សាក្រេបយកចំណេះដឹង និង ទុកការដើរលេង កម្សាន្តមួយឡែកសិន៕