(កណ្តាល)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល ដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល បានចុះទៅរុះរើសំណង់អនាធិបតេយ្យជាង៧០ខ្នង ដែលប្រជាពលរដ្ឋ បានទៅចាប់សង់នៅលើដីស្ថានីយ៍បង្កាត់ពូជត្រី របស់ជលផលខេត្ត ហើយការចុះរុះរើនេះ ត្រូវបានដកថយទៅវិញ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាមកតវ៉ា និងរារាំងមិនឲ្យរុះរើ ដោយសុំធ្វើការដោះស្រាយគ្នាសិន។

ប្រជាពលរដ្ឋបានអះអាងថា បើអាជ្ញាធរតម្រូវឲ្យពួកគាត់រុះរើ ពួកគាត់នឹងរុះរើដោយខ្លួនឯង។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិទួលក្រសាំងហៅភូមិគំនរថ្ម ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ប្រជាពលរដ្ឋមកចាប់ដីរួចសង់ផ្ទះនេះ មានប្រហែល២៥គ្រួសារ ដែលរស់នៅក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ និងមកពីកន្លែងផ្សេងខ្លះទៀត។ ការសាងសង់នៅផ្ទៃដីនេះ ក្នុងទំហំទទឹង៤៨ម៉ែត្រ និងបណ្តោយជាង៤ម៉ែត្រ ដែលបច្ចប្បន្នត្រូវបានប្រជាពលរដ្ឋ​ សាងសង់ផ្ទះ រហូតដល់ជាង៧០ខ្នង។

មន្ដ្រីរដ្ឋបាលជលផលបានបន្តថា «បន្ទាប់កម្លាំងចុះរុះរើនោះ ស្រាប់តែប្រជាពលរដ្ឋ បាននាំគ្នាមកតវ៉ា រួចដណ្តើមឈើចេញពីរថយន្ត ពេលនោះកម្លាំងយើងបានទម្លាក់ចុះពីវិញ ដោយឃើញសកម្មភាពប្រជាពលរដ្ឋបែបនេះ ទើបសមត្ថកិច្ចបានដកកម្លាំងថយចេញវិញ»

សូមបញ្ជាក់ថា ការចុះទៅរុះរើនេះមិនមែនលើកទី១នោះទេ គឺជាលើកទី២ហើយ តែរាល់លើកពេលចុះទៅរុះរើរួច ក៏ប្រគល់ឈើ និងសង្ក័សី ឲ្យពួកគាត់វិញក្រោយមកពួកគាត់បានបន្តមកសាងសង់បន្ថែមទៀត ហើយអាជ្ញាធរបានចុះណែនាំដល់ពួកគាត់ជាបន្តបន្ទាប់ផងដែរ តែពួកគាត់នៅតែបន្តសាងសង់ ទើបអាជ្ញាធរបានដាក់កម្លាំងចម្រុះចុះមករុះរើតែម្តង។

ពាក់ព័ន្ធក្នុងករណីនេះ ប្រជាពលរដ្ឋវិញ បានស្រែកតវ៉ាជាមួយសមត្ថកិច្ចថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ គ្មានដីរស់នៅទើបមកចាប់ដីសាងសង់ ជាកូនផ្ទះគ្រាន់បានជាជម្រក ហើយដីដែលពួកគាត់មកចាប់នៅនេះ មិនមែនជាដីជលផលនោះទេ គឺនៅខាងក្រៅរបងជលផល ម៉េចបានជាមករុះរើផ្ទះសម្បែងរបស់ពួកគាត់បែបនេះ ហើយពួកគាត់ធ្លាប់សំណូមពរថា ចាំដោះស្រាយគ្នាសិន បើអាជ្ញាធរតម្រូវឲ្យរុះ គឺពួកគាត់នឹងរុះដោយខ្លួនឯង មិនគួរណាមកលួចរុះរើផ្ទះពួកគាត់បែបនោះទេ៕