(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សមិទ្ធផលថ្មីមួយទៀត ក្នុងការបង្កើនប្រសិទ្ធភាពលើវិស័យកិច្ចការពារកុមារ ជាពិសេសគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ អន្តរជាតិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់កុមារ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយវិស័យកិច្ចការពារកុមារចំនួន0៣ រួមមាន៖ ១៖ ផែនការអនុវត្តយុទ្ធសាស្រ្តវិស័យកិច្ចការពារកុមារ ឆ្នាំ ២០២២-២០២៦, ២៖ ផែនការសកម្មភាពស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសចំពោះកុមារ ឆ្នាំ ២០២៣-២០២៧ និង ៣៖ គោលការណ៍ណែនាំស្តីពីការសមាហរណកម្មកុមារ ការបង្វែរកន្លែងថែទាំ និងបិទកន្លែងថែទាំកុមារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តី វង សូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ដែលបានសហការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការរៀបចំឯកសារនេះឡើង សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងការការពារកុមារពីការរំលោភបំពានគ្រប់ទម្រង់ផ្សេងៗនៅកម្ពុជា។

បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត បានលើកឡើងថាតាមរយៈផែនការយុទ្ធសាស្រ្តនេះ នឹងចូលរួម ចំណែកធ្វើឱ្យប្រព័ន្ធកិច្ចការពារ និងការផ្តល់សេវាឆ្លើយតបដល់កុមារកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសកុមាររងគ្រោះ និងងាយរងគ្រោះដែលស្ថិតក្នុងការថែទាំជំនួស ហើយក៏នឹងក្លាយជាឯកសារគោល សម្រាប់ក្រសួង-ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅប្រើប្រាស់ និងដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកិច្ចការពារកុមារ ឱ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់។

ដើម្បីកុមារកម្ពុជាគ្រប់រូបមានឱកាសអភិវឌ្ឍន៍នៅក្នុង បរិយាកាសគ្រួសារប្រកបដោយផាសុកភាព សុវត្ថិភាព និងរួចផុតពីអំពើហិង្សា និងកេងប្រវ័ញ្ច រដ្ឋមន្រ្តី វង សូត ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនរួមមាន៖

- ជំរុញឱ្យមានការលើកកម្ពស់ស្មារតីរួបរួមគ្នា និងការចូលរួម ពីគ្រប់ភាគី ដើម្បីលើកស្ទួយសុខុមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការ និងប្រព័ន្ធកិច្ចការពារកុមារ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។

-កៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តកម្មវិធីកិច្ចការពារកុមារឱ្យទទួលបានជោគជ័យ និងស័ក្តិសិទ្ធិភាព តាមផែនការសកម្មភាពដែលបានកំណត់។

-ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារកិច្ចការពារកុមាររាជធានី ខេត្ត រដ្ឋបាលក្រុងស្រុក ខណ្ឌ រដ្ឋបាល ឃុំ/សង្កាត់ តាមរយៈដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិ និងផែនការថវិកាប្រចាំឆ្នាំរបស់ខ្លួនដើម្បីធានាបាននិរន្តរភាពការងារ និងទិសដៅជាយុទ្ធសាស្រ្ត៕